(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា-ចិន បានប្តេជ្ញាចិត្តអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ព្រមទាំងជំរុញការពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC)ផងដែរ។

ការប្តេជ្ញាចិត្តរ​វាងរដ្ឋាភិបាលកម្ពុជា-ចិន បានធ្វើឡើងអំឡុងទស្សនកិច្ចរបស់ លោក វ៉ាង​ យី សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យ​គណៈ​កម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសចិន មកកាន់ប្រទេសកម្ពុជា​ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ដល់២៣ ខែមេសា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍រួមកម្ពុជា-ចិន ស្តីពីលទ្ធផលនៃទស្សនកិច្ចនេះ បានឱ្យដឹងថា៖ «ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តក្នុងការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) និងជំរុញការពិគ្រោះយោបល់លើក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) សម្រាប់ការសន្និដ្ឋានជា ជំហានដំបូង»

បញ្ហាសមុទ្រចិនខាងត្បូង ដែលជាជម្លោះដែនសមុទ្ររវាងចិន និងសមាជិកអាសា៊ន៤ប្រទេស ហាក់ចាប់ផ្តើមក្លាយជាប្រធានបទក្តៅឡើងវិញ បន្ទាប់ពី ហ្វីលីពីន ជប៉ុន និងសហរដ្ឋអាមេរិក បើកកិច្ចប្រជុំថ្នាក់កំពូលត្រីភាគី ដោយចេញសេចក្តីថ្លែងការណ៍រួមគ្នាបង្ហាញការព្រួយបារម្ភចំពោះសកម្មភាពរបស់ចិនក្នុងតំបន់សមុទ្រចិនខាងត្បូង។ ចំណែកឯចិនវិញ បានចាត់ទុកថា មេត្រីភាពរវាងប្រទេសទាំងពីរ គឺជាសម្ព័ន្ធភាពមួយដែលបង្កើតឡើងដើម្បីប្រឆាំងចិន ខណៈដែលហ្វីលីពីន និងសហរដ្ឋអាមេរិក​ បានចាប់ផ្តើមបើកសមយុទ្ធយោធារួមគ្នា នៅក្បែរសមុទ្រចិនខាងត្បូង នៅក្នុងសប្តាហ៍នេះ។

ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ នាពេលកន្លងទៅ កម្ពុជាតែងតែអំពាវនាវដល់ភាគីទាំងអស់ឱ្យអនុវត្តដំណោះស្រាយ ប្រកបដោយសន្តិវិធីនិងបន្តប្រើប្រាស់យន្តការអាស៊ាន-ចិន សម្រាប់ការអនុវត្តដោយពេញលេញនូវសេចក្តីប្រកាស ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) និងជំរុញឱ្យអាស៊ាននិងចិនធ្វើការរួមគ្នាបន្ថែមទៀត ដើម្បីសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC)៕