(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានថ្លែងនូវការកោតសរសើរ ចំពោះការរៀបចំសម្តែងក្បាច់គុនល្បុក្កតោ របស់ខ្មែរ និងសាវលីញ ដែលជាផ្នែកមួយរបស់ក្បាច់គុនកុងហ្វ៊ូ របស់ចិន ហើយស្នើឱ្យមានលើកក្រោយទៀត ដោយដាក់ថ្ងៃចុងសប្តាហ៍ ឬថ្ងៃសម្រាក ដើម្បីឱ្យអ្នកចម្ងាយបានទៅទស្សនាដែរ។

ការថ្លែងរបស់អ្នកជំនាញ បានធ្វើឡើងបន្ទាប់ពីឃើញភាពជោគជ័យ ការសម្តែងរួមគ្នារវាងក្បាច់គុនសាវលីញ និងក្បាច់គុនល្បុកត្តោ ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នានៃខេត្តហឺណាន និងខេត្តសៀមរាប ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»។ ប៉ុន្តែ មានមតិមហាជនផ្សងទៀតសោកស្តាយ ព្រោះពួកគាត់មិនបានទៅទស្សនាផ្ទាល់ ចំថ្ងៃធ្វើការបែបនេះ។

លោក រ័ត្ន សណ្តាប់ បានថ្លែងថា បើសិនជាមានការរៀបចំព្រឹត្តិការណ៍បែបនេះបន្តទៀត ចំថ្ងៃឈប់សម្រាក ឬឱកាសបុណ្យទាន ច្បាស់ជាមហាជនជាច្រើនបានទៅទស្សនា និងបានឈ្វេងយល់ពីក្បាច់គុនជាតិ របស់ប្រទេសទាំងពីរ។

អ្នកជំនាញអារ្យធម៌ខ្មែរ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្មវិធីនេះ យើងឃើញមានយុវជនមានការចាប់អារម្មណ៍ច្រើន អីចឹងខ្ញុំសូមលើកទឹកចិត្តឱ្យមានការសម្តែងក្បាច់គុនទាំងនេះ ឱ្យបានទូលំទូលាយ។ យើងអាចរកពេលវេលាថ្ងៃសៅរ៍ ឬអាទិត្យអីចឹងទៅ ឬរៀបចំនៅក្នុងឱកាសមានព្រឹត្តិការណ៍ធំៗរបស់ជាតិ»

ក្បាច់គុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរ ជាច្រើនសតវត្សរ៍មកហើយ និងបន្តរស់រានក្នុងសង្គមខ្មែរ រហូតដល់បច្ចុប្បន្ននេះ។ ចម្លាក់ លើជញ្ជាំងប្រាសាទសម័យអង្គរ ជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។

ចំណែកឯ សៅលិញ គឺជាក្បាច់ដ៏ចំណាស់បំផុត និងល្បីបំផុត ដែលជាផ្នែកមួយនៃក្បាច់គុនកុងហ្វូរបស់ចិន។ បើតាមឯកសារចិន សៅលិញ មានប្រភពដើម និងត្រូវបានបង្កើតឡើងនៅក្នុងប្រាសាទសៅលីង ក្នុងខេត្ត Henan នៃប្រទេសចិន ក្នុងអំឡុងប្រមាណ ១៥០០ឆ្នាំមុន។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ក្បាច់គុនទាំងពីរ បានចារឹកនៅក្នុងវប្បធម៌ និងអារ្យធម៌រៀងៗខ្លួន។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រសង្គមរូបនេះ បានបន្តថា សាវលីញ របស់កុងហ្វ៊ូ គឺជាក្បាច់គុនដ៏ចំណាស់របស់ចិន រីឯល្បុក្កតោ គឺជាក្បាច់គុនដ៏ចំណាស់របស់កម្ពុជា ហើយសម្តែងរួមគ្នាបែបនេះ ពិតជាល្អ ធ្វើឱ្យប្រទេសទាំងពីរបានស្គាល់ក្បាច់គុនជាតិ ទៅវិញទៅមក។

លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់យ៉ាងដូច្នេះ «អីចឹងយើងសង្ឃឹមថា នឹងមានសម្តែងបន្តទៀត​ មិនមែនតែម្តងទេ គឺច្រើនដង ជាសំណូមពរខ្ញុំ ដើម្បីផ្សារភ្ជាប់បេះដូងនៃប្រជាជាតិ របស់ប្រទេសទាំងពីរ ជាការគាស់មនោរំលើងសញ្ចេតនារវាងប្រជាជន និងប្រជាជន តាមរយៈក្បាច់គុន»

ចំណែកឯលោក អ៊ុន ជីម អ្នកសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ និងវប្បធម៌ បានថ្លែងថា លោកសប្បាយរីករាយមែនទែន ដែលកម្ពុជា និងចិន មានគំនិតក្នុងការបង្ហាញក្បាច់គុនរវាងប្រទេសទាំងពីរ ដែលជានិមិត្តសញ្ញា និងជានិមិត្តរូប របស់ក្បាច់គុនជាតិ ឱ្យពិភពលោកបានដឹង។ លោកបន្តថា បើយើងធ្វើដោយខ្លួនយើង មិនងាយនឹងបានផ្ទុះ និងនាំឱ្យគេបានចាប់អារម្មណ៍នោះទេ តែបើចាប់ដៃគ្នាធ្វើការផ្សព្វផ្សាយបែបនេះ ពិភពលោកឆាប់បានស្គាល់ និងបានដឹង ក្បាច់គុនដូនតា ដែលជាអត្តសញ្ញាណជាតិ។

លោក អ៊ុន ជីម បានបញ្ជាក់ថា «ខ្ញុំសប្បាយរីករាយមែនទែន ហើយសូមគាំទ្រដែលបានរៀបចំ ការបង្ហាញក្បាច់គុនដូនតាយើងឱ្យពិភពលោកបានដឹង កន្លងមកគេស្គាល់តែតេខ្វាន់ដូ កុងហ្វ៊ូ ការ៉ាត់តេ និងមួយថៃជាដើម។ អីចឹង ពេលនេះយើងត្រូវបង្ហាញអ្វីដែលជារបស់យើងឱ្យពិភពលោកបានដឹង»

សូមជម្រាបថា អ្នកជំនាញអារ្យធម៌ខ្មែរ ក៏បានស្នើសុំអ្នកពាក់ព័ន្ធទាំងអស់ មិនថាក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាល្បុក្កតោកម្ពុជា និងគ្រូល្បុក្កតោ រួមគ្នាអភិវឌ្ឍក្បាច់គុននេះ ឱ្យបានដាក់បង្ហាត់ក្នុងវិស័យអប់រំផងដែរ។ បើតាមលោក រ័ត្ន សណ្តាប់ ល្បុក្កតោ គឺជាក្បាច់គុនមួយរបស់ជាតិ ដែលយើងត្រូវតែលើកស្ទួយ ជាពិសេសត្រូវដាក់ក្នុងប្រព័ន្ធអប់រំទាំងសាលារដ្ឋ និង​ឯកជន៕