(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានបើកវគ្គផ្សព្វផ្សាយ និងបណ្តុះបណ្តាល ស្តីពីដំណើការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ (កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០) ដល់រដ្ឋបាលក្រុង ស្រុកទាំង១២ និងមេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ទាំង១០០ ចំនួន២៥០នាក់ នៅសាលប្រជុំសាលាខេត្តសៀមរាប។

វគ្គផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការរៀបចំវេទិការវាង រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី(កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០) ក្នុងគោលបំណង ដើមី្បធ្វើការរួមគ្នាវាយតម្លៃ អំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រួចការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើមី្បចូលរួមកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានលើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ នីតិកាលទី៧ នៃរដ្ឋសភាត្រូវបានបង្កើតឡើងនាពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អនុសាសន៍ឱ្យធ្វើការរៀបចំនូវវេទិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

លោក នាក់ ណេរ៉ុន បានបន្តថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលជាស្ថាប័នទទួលអាណត្តិពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំអនុវត្ត និងសម្របសម្រួលការងារ ស្តីពីការអនុវត្តគោលនយោគបាយវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា បានធ្វើការរៀបចំនូវឯកសារទស្សនទាន សម្រាប់ការរៀបចំវេទិការរវាងរាជរដ្ឋភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនេះឡើង ហើយនឹងបានដាក់ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។ លោកបន្តថា ការរៀបចំវេទិការរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនេះ គឺជាកិច្ចការមួយថ្មីទៀតសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ក្នុងនោះដែរ មានរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ នៃខេត្តសៀមរាបផងដែរ។

យោងតាមសេចក្តីណែនាំរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្តីពីការរៀបចំវរទិការនេះ គឺតម្រូវឱ្យរដ្ឋបាលឃុំ សង្កាត់ ត្រូវរៀបចំកិច្ចប្រជុំមួយដែលជាកិច្ចប្រជុំវិសាមញ្ញ ដើម្បីធ្វើការពិនិត្យ ពិភាក្សាដោះស្រាយព្រមទាំងលើកជា សំណើសំណូមពរក្នុងការដោះស្រាយលើបញ្ហាប្រឈមដែលកំពុងកើតមានឡើង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅលើប្រធានបទចំនួន០៨ (ក្រុមការងារបច្ចេកទេសដឹកនាំធ្វើការបង្ហាញជូននាពេលបន្តិចទៀតនេះ)។ 

គោលបំណងដ៏ចម្បងនៃការរៀបចំវេទិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃដំណើការនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅឈានទៅវាយតម្លៃឱ្យបានច្បាស់លាស់ លើបញ្ហាប្រឈមនានាពាក់ព័ន្ធ និងកំណែទម្រង់នេះព្រមទាំងលើកឡើងនូវវិធានការជាក់លាក់សម្រាប់ដោះស្រាយបញ្ហារប្រឈមទៅតាមថ្នាក់រដ្ឋបាលនីមួយៗទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងនៅក្នុងកម្រិតរាជរដ្ឋាភិបាលទាំងមូល។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញនូវគោលនយោគបាយយុទ្ធសាស្រ្ត និងការតម្រង់ទិសច្បាស់លាស់សម្រាប់ការពង្រឹង និងជម្រុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែមុតស្រួចដើម្បីជាឧត្តមប្រយោគន៍សម្រាប់ប្រទេសជាតិ និងប្រជាជនយើង ជាពិសេសការចូលរួមចំណែកដ៏សំខាន់ក្នុងការបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់៕