(បន្ទាយមានជ័យ)៖ នៅសាកលវិទ្យាល័យជាតិមានជ័យ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាកលវិទ្យាល័យជាតិមានជ័យ និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរួមគ្នារៀបចំវេទិកាតុមូលស្តីពី «គោលការណ៍ប្រទេសចិនតែមួយ» ជូនដល់មន្ត្រីរាជការសាលាខេត្តបន្ទាយមានជ័យ គណៈគ្រប់គ្រង សាស្រ្តាចារ្យ និស្សិត តំណាងយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងយុវជនសហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ តំណាងយុវជនក្រុមការងារអភិវឌ្ឍយុវជន ខេត្តបន្ទាយមានជ័យ តំណាងយុវជនកាយឫទ្ធិ និងនិស្សិតសាកលវិទ្យាល័យជាតិ មានជ័យសរុប១៥០រូប។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជម្រាបថា ការរៀបចំវេទិកាតុមូលនាថ្ងៃនេះ ក្នុងគោលបំណងចំនួន៤៖ ទី១-បង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពី«គោលការណ៍ចិនតែមួយ» ទី២-ពង្រឹងសមត្ថភាពលើ ការចែករំលែកនិងផ្សព្វផ្សាយ បន្តឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក នូវខ្លឹមសារសំខាន់នៃសេចក្តីសម្រេច លេខ២៧៥៨របស់ មហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យប្រជុំលើកទី២៦ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៧១ ទី៣-ពង្រីកការគាំទ្រដោយឈរ លើសច្ចធម៌ប្រវត្តិសាស្រ្តជាង៥០០០ឆ្នាំរបស់ប្រទេសចិន ដែលបានគូសរំលេចថា «តៃវ៉ាន់គឺជាផ្នែកមួយ ដែលជាកម្មសិទ្ធិផ្តាច់មុខ របស់ប្រទេសចិន ហើយ សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិន» និងទី៤-ចូលរួមពង្រឹងនិងពង្រីកទំនាក់ទំនងកាន់តែល្អប្រសើរ ដោយឈរលើស្មារតីគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីគ្នាទៅវិញទៅមក។

ឯកឧត្តម ជា សឿន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិ មានជ័យបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពក្លាហាន និងពុទ្ធិដ៏ច្បាស់លាស់ស្តីពីប្រវត្តិសាស្ត្រចិន តាមរយៈបទបង្ហាញនិងការឆ្លើយសំណួរ យ៉ាងក្បោះក្បាយរបស់និស្សិត វ៉ាន់ ដួងច័ន្ទ និងនិស្សិត លឹម សុចាន់លីយ៉ា ដែលបានគូសបញ្ជាក់ថា តៃវ៉ាន់ ជាទឹកដីដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន ហើយ «គោលការណ៍ចិនតែមួយ» ដែលជាការគាំទ្រដល់ស្មារតីរួម របស់អង្គការសហប្រជាជាតិ។ លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិ មានជ័យក៏បានគាំទ្រប្រសាសន៍របស់លោក គុណ រតនា អភិបាលរងស្រុកអូរជ្រៅ ថា «គោលការណ៍ចិនតែមួយ» ជាគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ។

ឆ្លើយតបនឹងសំណួរជាច្រើនរបស់អង្គវេទិកាពីការបោះឆ្នោតនៅតៃវ៉ាន់ លោក ជីវ សារិទ្ធ បានសង្កត់ធ្ងន់ដោយបានដកស្រង់សម្តី របស់លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាន ថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា ការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំតំបន់តៃវ៉ាន់ គឺកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន មិនថាការបោះឆ្នោតមានលទ្ធផល យ៉ាងណាទេក៏មិនអាចកែប្រែការពិតជាមូលដ្ឋាន ដែលពិភពលោកមានប្រទេសចិនតែមួយនោះដែរ ហើយតៃវ៉ាន់គឺជាផ្នែកមួយ របស់ប្រទេសចិន ដែលនេះជាការបញ្ជាក់ច្បាស់ថា បន្ទាប់ពីការបង្រួបបង្រួមតំបន់តៃវ៉ាន់ រដ្ឋាភិបាលមជ្ឈិមចិននឹងអនុវត្តគោលនយោបាយ «ប្រទេសមួយ របបពីរ» ដើម្បីធ្វើអភិបាលកិច្ចចំពោះតំបន់តៃវ៉ាន់ ដូចតំបន់ហុងកុង និងម៉ាកាវដែរ ពោលគឺនឹងរក្សារបបសង្គម និងប្រព័ន្ធនយោបាយដើមរបស់តៃវ៉ាន់ តែត្រូវស្ថិតក្រោមអភិបាលកិច្ចរបស់រដ្ឋាភិបាលមជ្ឈិម៕

វិទ្យុមិត្តភាពកម្ពុជាចិន