(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើការណែនាំកែលម្អចំពោះកំហុសឆ្គងនានារបស់សិល្បករ សិល្បការិនី ព្រមទាំងតម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះពាល់ជាយថាហេតុមកលើសិល្បៈវប្បធម៌ ប្រពៃណីជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

កម្មវិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយសរៀបចំធ្វើឡើងស្របតាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសិល្បៈ គឺជាយានឆ្ពោះទៅរកនិរន្តរភាពនៃភាពជោគជ័យ ដោយសម្តេចបានណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្តបើកចំហរ និងពង្រឹងកិច្ចសហប្រតិបត្តិការគាំទ្រទៅដល់គ្រប់សមាគមសិល្បៈ និងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈ ត្រូវបន្តតួនាទីជាអាណាព្យាបាល ផ្តល់ការតម្រង់ទិសផ្តល់ជំនួយផ្នែកបច្ចេកទេស ព្រមទាំងត្រូវពង្រឹងនូវយន្តការលើកសរសើរ និងលើកទឹកចិត្តជាប័ណ្ណសរសើរ លិខិតទទួលស្គាល់ និងសំណើរសុំគ្រឿងឥស្សរិយយសជាដើម។

ដើម្បីកែលម្អចំពោះកំហុសឆ្គងនានាដែលជាហេតុនាំឱ្យប៉ះពាល់លើសិល្បៈវប្បធម៌ ប្រពៃណីជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ត្រូវធ្វើការណែនាំកែលម្អ ចំពោះកំហុសឆ្គងនានា ព្រមទាំងតម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះពាល់ ជាយថាហេតុមកលើសិល្បៈវប្បធម៌ ប្រពៃណីជាតិ»

ក្នុងឱកាសនោះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា «រលកថ្មី ច្រានរលកមុខ» គឺជាក្រឹត្យក្រមធម្មជាតិ។ សិល្បករ សិល្បការិនីរៀមច្បង មិនត្រឹមតែជារលកនាំមុខប៉ុណ្ណោះទេ ប៉ុន្តែជាតួអង្គដែលមានបទពិសោធន៍ និងជាគំរូដល់រលកជំនាន់ក្រោយដល់យុវជនបន្តវេន។ ក្នុងន័យនេះការជួយជ្រោមជ្រែងបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងការលើកទឹកចិត្តដល់យុវជន វ័យក្មេង គឺជាកាតព្វកិច្ច ដើម្បីបន្តថែរក្សាមរតកដូនតា និងការបន្តរីកចម្រើនទៅមុខរបស់វិស័យសិល្បៈ វប្បធម៌របស់យើង។

ស្របជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់គ្រប់តួអង្គនៃវិស័យសិល្បៈទាំងអស់ ដែលបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ការពារថែរក្សាកេរដំណែលដូនតា និងការចូលរួមពង្រឹងអត្តសញ្ញាណជាតិ និងប្រជាជន ជាពិសេសចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីចូលរួមគាំទ្រ និងផ្ទេរចំណេះដឹង និងបទពិសោធន៍ ដល់យុវជនបន្តវេនផងដែរ៕