(ភ្នំពេញ)៖ ករណីគប់កញ្ចក់រថយន្ដ២គ្រឿង នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ដែលបណ្ដាលឲ្យស្ដ្រីជនរងគ្រោះម្នាក់ដែលជិះក្នុងរថយន្ដ រងរបួសផ្ទៃមុខធ្ងន់ធ្ងរដេររហូត៣០ថ្នេរ និងខូចខាតកញ្ចក់រថយន្ដនោះ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានជាបន្ដបន្ទាប់ចំនួន៦នាក់។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ខណៈការិយាល័យជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ម សាវន។

របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់នេះ ត្រូវបានឃាត់ខ្លួនជាបន្ដបន្ទាប់នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែមេសា ដើម្បីយកមកធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។

ក្នុងនោះ ជនសង្ស័យទី១៖ឈ្មោះ យឹម សុខហេង ហៅហេង អាយុ១៩ឆ្នាំ, ទី២៖ឈ្មោះ កង សុជាតិ អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ ថេត សូរិយា អាយុ១៨ឆ្នាំ, ទី៤៖ឈ្មោះ យ៉ុន ផានិត អាយុ១៨ឆ្នាំ, ទី៥៖ឈ្មោះ រ័ត្ន រិទ្ធី អាយុ១៩ឆ្នាំ, ទី៦៖ឈ្មោះ ហាន់ លីសៀង អាយុ១៩ឆ្នាំ។ សម្ភារដកហូតបានម៉ូតូម៉ាក Suzuki next សេ១១០ ពណ៌ស ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខភ្នំពេញ1KH-7851 ចំនួន០១គ្រឿង។

ដោយឡែក ទី១៖ឈ្មោះ ង៉ាន់ សូលីដា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមន្ត្រីរាជការ បែករយៈលើថ្ងាសចំនួន២កន្លែង ដេរចំនួន៣០ថ្នេរ (រងរបួសធ្ងន់) និងបែកកញ្ចក់រថយន្តខាងមុខ ចំនួន១ផ្ទាំង និងទី២៖ឈ្មោះ ចន្ថា សុថន អាយុ៣៧ឆ្នាំ មុខរបរនគរបាលជាតិ ខូចខាតបែកកញ្ចក់រថយន្តខាងមុខ ចំនួន១ផ្ទាំង។ បច្ចុប្បន្នជនសង្ស័យ និងសម្ភារៈចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕