(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួង។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខ និងរំលឹកណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់ក្រសួងសុខាភិបាលទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រប់បណ្តាខេត្តរាជធានី ប្រកាន់ខ្ជាប់នូវភាពម៉ឹងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារឱ្យបានខ្ជាប់ខ្ជួន ជាប់ជាប្រចាំ ជាពិសេសត្រូវអនុវត្តការងារតាមការបែងចែកតួនាទី និងភារកិច្ចរបស់ខ្លួន និងកាន់តែបន្តខិតខំតាមដានវាយតម្លៃលទ្ធផល ដែលទទួលបានជាបន្តបន្ទាប់។

ជាកិច្ចបន្ទាប់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនវេទិកាទៅថ្នាក់ដឹកនាំ រាយការណ៍នូវវឌ្ឍនភាពការងារ ដែលខ្លួនទទួលបន្ទុក និងផែនការបន្ទាប់ ព្រមទាំងសមិទ្ធផលការងារដែលបានធ្វើកន្លងមក ក្នុងការពិនិត្យពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈម ឬចំណុចខ្វះខាតនានាក្រោយការរាយការណ៍។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន និងបានវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវ ដោយដើរឆ្ពោះទៅមុខជានិច្ច ដើម្បីចូលរួមអនុវត្តពង្រឹងមូលដ្ឋានសុខាភិបាលដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមដោយផ្ទាល់ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងអគ្គនាយករង ប្រធាន អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត៕