(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលោកជំទាវ Hala Youssef Ahmed Ragab ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោកឧបនាយករដ្ឋមន្រ្តី និងលោកជំទាវឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អេហ្ស៊ីប ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៣ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។

ក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបនេះ កម្ពុជា-អេហ្សីប បានឯកភាពគ្នាជំរុញបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលនឹងជាវេទិកាមួយក្នុងការស្វែងរកមធ្យោបាយ និងវិធីសាស្រ្តដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលបន្ថែមទៀតរវាងភាគីទាំងពីរ៕