(ហ្សាកាតា)៖ បេសកកម្មចក្រភពអង់គ្លេសប្រចាំអាស៊ាន និងអគ្គលេខាធិការដ្ឋានអាស៊ាន បានបើកដំណើរការកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស (EIP) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ នៅទីក្រុងហ្សាកាតា។ គំនិតផ្តួចផ្តើមសម្រាប់រយៈពេល៤ឆ្នាំនេះ មានតម្លៃរហូតដល់២៥លានផោន (ស្មើប្រមាណ៣១លានដុល្លារអាេមរិក) ដែលមានគោលបំណងជំរុញកំណើនសេដ្ឋកិច្ចនៅទូទាំងតំបន់ ដោយការដោះស្រាយឧបសគ្គ នៃការអភិវឌ្ឍនៅក្នុងប្រទេសជាសមាជិកអាស៊ាន (AMS) និងសហគមន៍សេដ្ឋកិច្ចអាស៊ានទាំងមូល។

កម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស គឺជាគំនិតផ្តួចផ្តើមដ៏ទូលំទូលាយមួយ ដែលត្រូវបានបង្កើតឡើងដើម្បីពង្រឹងសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន ដោយប្រើវិធីសាស្ត្រពហុភាគី និងផ្តោតលើសកម្មភាពដែលមានប្រសិទ្ធភាពខ្ពស់។ កម្មវិធីនេះ ផ្តល់ការគាំទ្រជាគោលដៅដល់ប្រទេសជាសមាជិកអាស៊ាន (AMS) តាមរយៈជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងភាពជាដៃគូចែករំលែកចំណេះដឹង។

លើសពីនេះ កម្មវិធីនេះនឹងស្វែងយល់ពីសក្តានុពល នៃឌីជីថលនីយកម្មដែលជាកត្តាជំរុញដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចទូទាំងតំបន់អាស៊ានទាំងមូល ហើយផ្តោតលើការជួយដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម។ កម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស នឹងត្រូវអនុវត្តនៅទូទាំងប្រទេសសមាជិកអាស៊ានទាំង១០ រួមទាំងទីម័រខាងកើតផងដែរ។ កម្មវិធីនេះនឹងផ្តោតលើចំណុចសំខាន់ចំនួនបី៖

*ទី១៖ ការគាំទ្រកំណែទម្រង់បទប្បញ្ញត្តិ ដើម្បីសម្រួលដល់សកម្មភាព ពាណិជ្ជកម្ម និងសេដ្ឋកិច្ច
*ទី២៖ ការលើកកម្ពស់ពាណិជ្ជកម្មបើកចំហ ដើម្បីដោះស្រាយឧបសគ្គចំពោះពាណិជ្ជកម្មរវាងប្រទេសជាសមាជិក អាស៊ាន និងជំរុញពាណិជ្ជកម្មសកល រួមទាំងជាមួយចក្រភពអង់គ្លេស
*ទី៣៖ ការអភិវឌ្ឍទៅលើវិស័យសេវាហិរញ្ញវត្ថុ ដើម្បីពង្រឹង និងធ្វើទំនើបកម្មសេវាហិរញ្ញវត្ថុ និងបង្កើនលទ្ធភាពងាយ ស្រួលក្នុងការទទួលបានហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្មទូទាំងអាស៊ាន និងទីម័រខាងកើត។

លោកស្រី Sarah Tiffin ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន បានលើកឡើងថា ចក្រភពអង់គ្លេស មានមោទនភាពក្នុងការចាប់ផ្តើមកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចមួយនេះ ដែលនឹងចូលរួមពង្រឹងភាពជាដៃគូសន្ទនាឲ្យកាន់តែរឹងមាំថែមទៀត។ ចាប់តាំងពីក្លាយជាដៃគូសន្ទនា ចក្រភពអង់គ្លេស បានប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ និងផ្តល់មូលដ្ឋានគ្រឹះសម្រាប់ជួយទ្រទ្រង់អភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយបរិយាបន្នដែលនឹងជួយផ្តល់អត្ថប្រយោជន៍ដល់ជនដែលក្រីក្របំផុត។

លោកស្រី បានអះអាងទៀតថា កម្មវិធីនេះនឹងក្លាយជាឧបករណ៍សំខាន់របស់ចក្រភពអង់គ្លេស ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសំខាន់ៗទាំងនេះ ដោយភាពជាដៃគូជាមួយសហគមន៍មិត្តអាស៊ាន។

ស្នងការទទួលបន្ទុកកិច្ចការងារពាណិជ្ជកម្មសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចក្រភពអង់គ្លេសសម្រាប់អាស៊ាន លោក Martin Kent ក៏បានគូសបញ្ជាក់ថា «ការចាប់ផ្តើមកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស បង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការធ្វើការរួមគ្នាជាមួយសហគមន៍អាស៊ាន ឆ្ពោះទៅរកតំបន់ដែលមានសកម្មភាពសេដ្ឋកិច្ចកាន់តែស្អិតរមួត»

លោកថា កម្មវិធីនេះនឹងទាញយកឱកាសពីសេដ្ឋកិច្ចឌីជីថល ដោយផ្តោតលើការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី និងការអភិវឌ្ឍអាជីវកម្មខ្នាតតូច។ លោកពន្យល់ថា ដោយទន្ទឹងរង់ចាំក្នុងការនាំយកអ្នកជំនាញល្អបំផុតរបស់ចក្រភពអង់គ្លេស ក្នុងកំណែទម្រង់បទប្បញ្ញត្តិ សេវាកម្មហិរញ្ញវត្ថុ និងគោលនយោបាយពាណិជ្ជកម្មទៅកាន់សហគមន៍អាស៊ាន ដើម្បីភាពរុងរឿងទៅវិញទៅមក។

ជាមួយគ្នានេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានថ្លែងថា «ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយក្នុងភាពជាដៃគូអាស៊ាន-ចក្រភពអង់គ្លេស ខណៈពេលដែលយើងកំពុងចាប់ផ្តើមកម្មវិធីនេះ។ ខ្ញុំស្វាគមន៍ ជាពិសេសចំពោះការផ្តោតសំខាន់នៃកម្មវិធីទៅលើកំណែទម្រង់បទប្បញ្ញត្តិ ពាណិជ្ជកម្មបើកចំហ និងសេវាកម្មហិរញ្ញវត្ថុ។ ខ្ញុំទន្ទឹងរង់ចាំការគាំទ្ររបស់កម្មវិធីមួយនេះ ចំពោះគំនិតផ្តួចផ្តើមដែលមានស្រាប់របស់អាស៊ានលើវិស័យសំខាន់ៗទាំងបីនេះ និងការរួមចំណែករបស់វាចំពោះសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ាន»

សូមជម្រាបថា កម្មវិធីសហការនេះពង្រឹងភាពជាដៃគូដ៏រីកចម្រើនរវាងចក្រភពអង់គ្លេស និងប្រជាជាតិអាស៊ាន។ ចក្រភពអង់គ្លេស នៅតែប្តេជ្ញាធ្វើការជាមួយអាស៊ាន ដើម្បីបង្កើតតំបន់ដែលមានការរួមបញ្ចូលគ្នា សេរី និងវិបុលភាព សម្រាប់អ្នកទាំងអស់គ្នា៕