(ភ្នំពេញ)៖ លោក ស៊ុយ ឆៃលាង អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន បានចេញការជំទាស់ដាច់ខាត និងថ្កោលទោស ទណ្ឌិត សម រង្ស៊ី ដែលបានរិះគន់លើគម្រោងព្រែកជីកហ្វូណន ដែលបម្រើឱ្យផលប្រយោជន៍ជាតិ។ អតីតថ្នាក់នាំគណបក្សប្រឆាំងរូបនេះ បានស្នើឱ្យទណ្ឌិត សម រង្ស៊ី បញ្ឈប់រាល់សកម្មភាពញុះញង់ឲ្យមានការរើសអើងរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាឈានទៅរកការអភិវឌ្ឍន៍ឆ្ពោះទៅមុខជាលំដាប់។

សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​មានប្រវែង ១៨០​គីឡូម៉ែត្រ ដែលបង្កើតឡើងដើម្បីពង្រីកវិសាលភាព​នៃការ​ប្រើប្រាស់​សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់​សកម្ម​ភាព​សេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅ​ប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅ​ប្រទេស​ក៏បានគាំទ្រផងដែរ។

លោក ស៊ុយ ឆៃលាង បានគូសបញ្ជាក់ថា៖ «បងប្អូនជនរួមជាតិ គឺអ្វីដែលលោក សម រង្ស៊ី ចេញសារញុះញង់ដែលមិនចង់ឲ្យគម្រោងព្រែកជីកហ្វូណនធ្វើបាន ខ្ញុំសូមបដិសេធ និងថ្កោលទោសលោក ដែលលោកគ្មានគិតគូរបន្តិចណាសោះពីផលប្រយោជន៍ប្រជាជាតិរបស់យើង»

ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់លោក ស៊ុយ ឆៃលាង៖