(ហ្សាការតា)៖ តមតាមការអញ្ជើញរបស់លោក Børge Brende ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមក្នុងកិច្ចប្រជុំ ពិសេសរបស់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីកិច្ចសហការ កំណើន និងថាមពលសកលសម្រាប់ការអភិវឌ្ឍ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ពីថ្ងៃទី២៨ ដល់ ២៩ ខែមេសា ឆ្នាំ២០២៤។

អគ្គលេខាធិការអាស៊ាន នឹងចូលរួមពិភាក្សាក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រតំបន់រួមអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ជំនួបក្រៅផ្លូវការនៃបាយថ្ងៃត្រង់កម្រិតខ្ពស់របស់មេដឹកនាំសេដ្ឋកិច្ចពិភពលោក ព្រមទាំង មានជំនួបទ្វេភាគីមួយចំនួនជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម លោក Abdulla Bin Touq រដ្ឋមន្ត្រីពាណិជ្ជកម្មនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត លោកបណ្ឌិត Majid Al-Kasabi និងអគ្គលេខាធិការនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រលោក Jasem Al Budaiwi និងឥស្សរជនមួយចំនួនទៀត៕