(ព្រះសីហនុ)៖ វរសេនីយ៍ឯក អ៉ី សុខា ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានថ្លែងបា្រប់ Fresh News ឲ្យដឹងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥នេះថា រថយន្តកុងតឺន័រ ដែលល្មើសច្បាប់ចរាចរណ៍របស់ក្រុមហ៊ុន LIM HENG FONG ដែលមានម៉ាក Fuso ពណ៌ស លាយខៀវ ស្លាកលេខ ភ្នំពេញ 3B-3903  ត្រូវបានកំលាំងរបស់លោក ចាប់យក​មករក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ ដើម្បីស្រាវជ្រាវរកជនបង្ក ឲ្យចូលខ្លួនមកដោះស្រាយតាមច្បាប់។

លោកស្នងការរង អ៉ី សុខា បានបញ្ជាក់ថា លោកនឹងជំរុញឲ្យភាគីខាងក្រុមហ៊ុន ហៅជនអ្នកបើកបរដែលវាយ និងជេរប្រមាជមន្រ្តីនគរបាល មកដោះស្រាយតាមផ្លូវច្បាប់។   

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥នេះ មន្រ្តីនគរបាលចរាចរណ៍ ដែលរងរបួសនោះ ត្រូវបានលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឲ្យចូលជួបដើម្បីពិនិត្យស្នាមរបួស និងបានណែនាំឲ្យ​ចេះប្រុងប្រយ័ត្នខ្លួន នៅពេលបំពេញភារកិច្ចម្តងៗ ហើយក្នុងឱកាសនោះដែរ លោកអភិបាលខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភជាថវិកាបន្តិចបន្តួចដើម្បីព្យាបាលរបួសផងដែរ ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៥ វេលាម៉ោងប្រមាណ៨ព្រឹក នៅចំនុចមុខស្ថានីយ៍រថភ្លើង(កែងរ៉ា) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ខណៈពេលដែលមន្រ្តីនគរបាលឈ្មោះ វ៉ាយ លាភ កំពុងសំរួលបញ្ជាចរាចរណ៍ឲ្យអ្នកបើកបររថយន្តកុងតឺន័រ ដែលត្រៀមចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីដឹកទំនិញ ឲ្យចូលជួរកុំវ៉ា ឬជែងរំលោភលើផ្លូវបញ្ច្រាស ប៉ុន្តែអ្នកបើកបររូបនេះមានៈមិនស្តាប់តាម​ការណែនាំនោះទេ ហើយក៏បានចុះពីរថយន្តរបស់ខ្លួនមកស្រែកជេរប្រមាថ លើមន្រ្តីនគរបាលជាតិរូបនេះយ៉ាងអាម៉ាសជាទីបំផុតក្នុងចំណោមមុខមហាជន ដែលកំពុងតែចរាចរ តាមដងផ្លូវ មិនតែប៉ុណ្ណោះអ្នកបើកបររូបនេះ បានធ្វើការវាយប្រហារបណ្តាលឲ្យមន្រ្តីនគរបាលរូបនេះរងរបួសរយៈដៃ និងខូចខាចទូរស័ព្ទទៀតផង ។ ក្រោយកើតហេតុជនបង្ករូបនេះបានរត់គេចខ្លួនឡើងលើភ្នំបាត់ ដោយបន្សល់ទុករថយន្តកុងតឺន័ររបស់ខ្លួនផងដែរ ។

 

www.freshnewsasia.com