(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានដាក់ចេញការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ណែនាំបន្ដដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ភ្លើង ដើម្បីបង្ការគ្រោះអគ្គិភ័យ ដែលអាចកើតឡើងជាយថាហេតុក្នុងរដូវក្ដៅនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំ ដែលបណ្ដាញព័ត៌មាន Fresh News នោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឲ្យក្រុមការងារចុះមូលដ្ឋាន សហការជាមួយអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ចំពោះប្រភពទឹក ដើម្បីធានាឲ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាទឹកសម្រាប់ស្រោចស្រពដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

បន្ថែមពីនេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់ក្រសួងរ៉ែ និងថាមពល ឲ្យពិនិត្យមើលលទ្ធភាពផ្គត់ផ្គង់អគ្គិសនី និងត្រៀមលក្ខណៈក្នុងករណីដែលមានបញ្ហាខ្វះទឹក សម្រាប់ផ្គត់ផ្គង់វារីអគ្គិសនី ខណៈដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ។

ព្រមពេលជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធបំផុសចលនាដាំដើមឈើ ឲ្យបានទូលំទូលាយដើម្បីបង្កើនស្មារតីស្រឡាញ់ធម្មជាតិ កាត់បន្ថយកំដៅការពារបរិស្ថាន ដោយស្នើឲ្យក្រសួងបរិស្ថាន ចែកកូនឈើដោយឥតគិតថ្លៃ និងឲ្យបានច្រើនតាមតែអាចធ្វើទៅបានដល់ប្រជាពលរដ្ឋ៕