(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងខ្លាំងៗថា ពាក់ព័ន្ធនឹងបញ្ហាព្រែកជីកហ្វូណន-តេជោ សម្ដេចមិនរុញឱ្យប្រជាជនកម្ពុជាស្អប់ប្រជាជនវៀតណាមទេ តែសូមឱ្យខាងវៀតណាមត្រូវធ្វើដូចគ្នា ម្យ៉ាងទៀតរឿងដែលវៀតណាមបិទទំនប់នៅខាងក្រោម ធ្វើឱ្យចាល់ទឹកជំនន់លិចខេត្តមួយចំនួនរបស់កម្ពុជា សម្ដេចមិនដែលនិយាយទេពីមុន ដូច្នេះភាគីវៀតណាមគួរតែគិតគូរដល់ចំណុចនេះផង។

ការបញ្ជាក់យ៉ាងច្បាស់លាស់នេះធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីពិសាអាហារមហាគ្រួសារឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

សម្ដេចតេជោថ្លែងខ្លាំងយ៉ាងនេះថា «ខ្ញុំមិនមែនរុញឱ្យប្រជាជនកម្ពុជាស្អប់ប្រជាជនវៀតណាមនោះទេ ប៉ុន្តែក៏សុំឱ្យប្រជាជនវៀតណាមសូមធ្វើករណីដូចគ្នា ឱ្យគិតគូរផលប្រយោជន៍គ្នាទៅវិញទៅមក»

សម្ដេចតេជោបានបន្តថា វៀតណាមបង្កបង្កើនផលបានល្អណាស់ ដោយគេមានវិធីសាស្ត្រការពារផលប្រយោជន៍ប្រជាជនរបស់គេ។ គេធ្វើទំនប់ច្រើនណាស់ កាលណាទឹកជំនន់ចុងខែកក្កដាដើមខែសីហាមកដល់ ហើយប្រជាជនគេមិនទាន់ប្រមូលផលនោះ គឺគេបិទទំនប់ទាំងអស់ដើម្បីការពារស្រូវ ការពារផលដំណាំរបស់គេ ធ្វើឱ្យទឹលជំនន់ចាល់ និងជន់លិចខេត្តមួយចំនួនរបស់កម្ពុជាដែលជាប់នឹងព្រំដែនវៀតណាមរៀងរាល់ឆ្នាំ ពិសេសនៅខេត្តកណ្ដាល ព្រៃវែង ស្វាយរៀង តាកែវ កំពត។

សម្ដេចតេជោបន្តថា «ប្រជាពលរដ្ឋតែងថា ហេតុអ្វីបានជាទឹកចេះតែចាល់នៅដើមរដូវនៅចុងខែកក្កដាដើមខែសីហា? មូលហេតុគឺត្រង់ថា វៀតណាមបិទទំនប់បាំងរំហូរទឹកដែលត្រូវធ្លាក់ទៅក្រោម ដូច្នេះធ្វើឱ្យលិចនៅខាងកម្ពុជា។

សម្ដេចតេជោក៏បានផ្ដាំទៅវិទ្យាស្ថានសិក្សាស្រាវជ្រាវកាន់ថឺ របស់វៀតណាម ថាឱ្យមើលរឿងនេះផង ខណៈទិន្នន័យសិក្សានៅក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា នៅតែមានក្នុងដៃរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា សម្ដេចមិនដែននិយាយពីបញ្ហានេះទេពីមុនមក ប៉ុន្តែថ្ងៃនេះសម្ដេចតេជោបង្ខំចិត្តត្រូវតែនិយាយ កុំឱ្យភាគីវៀតណាមគិតតែផលប្រយោជន៍របស់ខ្លួន។ កម្ពុជាមិនទាន់បានធ្វើអ្វីផង ស្រាប់តែមកវាយប្រហារថែមទៀត ដោយភ្ជាប់ទៅនឹងបញ្ហាកងទ័ព និងបញ្ហាផ្សេងៗមិនចេះចប់។ ដូច្នេះសង្ឃឹមថាមេដឹកនាំវៀតណាមនឹងចាប់ផ្ដើមយល់។

សម្ដេចតេជោបានសង្កត់ធ្ងន់ថា «ចំពោះការងារជីកព្រែកជីកហ្វូណន-តេជោ គ្មានការចរចាអ្វីទៀតឡើយ ពីព្រោះជាកិច្ចការរបស់កម្ពុជាសុទ្ធសាធ មិនពាក់ព័ន្ធ មិនប៉ះពាល់ដល់ប្រទេសណាឡើយ គឺមានតែផលចំណេញទាំងអស់គ្នាទៅវិញទេ»

សម្តេចតេជោ ហ៊ុន សែន ក៏បានទម្លាយទៀតថា ធ្លាប់មានអ្នកទៅផ្លុំត្រចៀកមេដឹកនាំវៀតណាមរឿងដែលកម្ពុជាអភិវឌ្ឍកោះនរា។ សម្ដេចបន្ថែមថា កោះនរាពីមុនគឺមានរួចមកហើយ ហើយបច្ចុប្បន្នកម្ពុជាប្រឹងទប់ច្រាំងកោះនេះ និងប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ ហើយនៅកៀកនឹងរាជធានីភ្នំពេញ គ្មានផលប៉ះពាល់លើប្រទេសណាឡើយ ដូច្នេះមិនគួរឈឺឆ្អាលជ្រុលពេកទេ៕