(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស «សមា​គម​ឧកញ៉ាកម្ពុជា» នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងថា តួនាទីរបស់សម្តេច ជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» ជាការផ្តល់នូវភាពជឿទុកចិត្តបន្ថែមទៀត ដល់ការធ្វើធុរកិច្ចរបស់ឧកញ៉ា។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ​ឧកញ៉ា​កម្ពុជា ដើម្បី​អបអរសាទរសន្និបាត ប្រចាំឆ្នាំលើកទី១ របស់ «សមាគមឧកញ៉ាកម្ពុជា» នៅសណ្ឋាគារហ្គាឌិនស៊ីធី របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគួរតែត្រូវកាន់តួនាទីនេះ ដែលអ្នកទាំងអស់គ្នា ផ្ដល់ការជឿទុកចិត្តច្រើនឆ្នាំមកហើយនោះ ដើម្បីប្រមូលផ្ដុំនៅជាមួយអ្នកទាំងអស់គ្នា ដើម្បីឲ្យអ្នកទាំងអស់គ្នា​ មានការស្ងប់ចិត្ដ និងជឿជាក់បន្ដទៀត ហើយចលនាឲ្យអ្នកទាំងអស់គ្នា ទុកចិត្តទៅលើការវិនិយោគ នៅក្នុងទឹកដីកំណើតរបស់ខ្លួន»។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចពិតជារីករាយ ដែលទទួលបានជាមួយនឹងការអញ្ជើញ ឲ្យធ្វើជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា»។ សម្ដេចក៏បានបញ្ជាក់ផងដែរថា ហេតុអ្វីបានជាសម្ដេចទទួលយកនូវតួនាទី ជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំងអស់គ្នា ដែលជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានផ្តល់កិត្តិយសឲ្យសម្ដេច ជាមួយនឹងការជឿជាក់ ទៅលើសមត្ថភាព និងការដឹកនាំរបស់សម្ដេច ហើយយើងរស់នៅ ជាមួយគ្នាអស់រយៈពេលជាង៤៥ឆ្នាំ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «វាមិនមែនជាការចៃដន្យទេ ប៉ុន្ដែគំនិតផ្ដួចផ្ដើម របស់អ្នកទាំងអស់គ្នា ដើម្បីអញ្ជើញខ្ញុំ ឲ្យធ្វើជាប្រធានកិត្តិយស ហើយខ្ញុំក៏មិនមែន ជាការទទួលដោយការចៃដន្យ នោះដែរ គឺជាការគិតទុក ដោយមានទស្សនៈទាន យ៉ាងច្បាស់លាស់តាមពីដើម រហូតមកដល់ឥលូវ ពេលដែលអស់លោកអញ្ជើញខ្ញុំ ឲ្យធ្វើជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា»។

សូមបញ្ជាក់ថា សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) គឺជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាង​ឱ្យ​រូបវន្តបុគ្គលដែលទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។ សមាគមឧកញ៉ាកម្ពុជា តំណាង​ឱ្យ​សំឡេងរួម សកម្មភាពសប្បុរសធម៌រួម និងគុណតម្លៃដ៏ឧត្តុង្គឧត្តម នៃគោរមងារឧកញ៉ា​ដែលជា​សមាជិកទាំងអស់។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានចុះបញ្ជីជាសមាគមស្របច្បាប់ និងទទួល​ស្គាល់​ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលិខិតលេខ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
សមាគមឧកញ៉ាកម្ពុជា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទទេសរបស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលស្គាល់មួយកម្រិតទៀតជាផ្លូវការរបស់រាជរដ្ឋាភិបាល ដោយ​ផ្តោត​ជាសំខាន់លើភាព ជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សកម្មភាព​ពាណិជ្ជ​កម្ម និងការវិនិយោគនៅកម្ពុជា។

សមាគមឧកញ៉ាកម្ពុជា មានទស្សនវិស័យរក្សា និងលើកកម្ពស់ឧត្តមភាពដដ៏ឧត្តុង្គឧត្តមនៃគោរម​ងារឧកញ៉ា តាមរយៈការ ចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាប្រកប ដោយចីរភាព និងបរិយា​ប័ន្ន បង្កើតបាននូវភាពសុខសាន្ត សុខដុមរមនា និងការរីក ចម្រើនខាងកម្រិតជីវភាពរបស់​ប្រជាពល​រដ្ឋបានល្អប្រសើរ​ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា៕