(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ ធ្វើឱ្យទំនិញរបស់កម្ពុជាមួយចំនួន មិនបាច់ឆ្លងកាត់វៀតណាម មិនបាច់បង់ថ្លៃបន្ថែមពេលឆ្លងកាត់តាមប្រទេសវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រែកជីកហ្វូណន-តេជោ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូន ផ្ទាល់ទៅកាន់សមុទ្រ ដោយមិនឆ្លងកាត់ប្រទេសដទៃ ហើយគម្រោងព្រែកជីកហ្វូណន-តេជោ មិនត្រឹមតែធ្វើឱ្យរីកចម្រើន នៅភាគនិរតីនោះទេ គឺនៅទូទាំងប្រទេសតែម្តង។ កសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាមព្រែកជីកចេញទៅសមុទ្រ។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនឹងបង្កការទាក់ទាញ ក្រុមអ្នកវិនិយោគិន មកបណ្តាក់ទុននៅកម្ពុជា។ បន្ថែមពីនេះអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា នឹងបង្កើនការវិនិយោគបន្ថែមទៀត ដោយសារស្ថានភាពងាយស្រួលនៃការដឹកជញ្ជូន។

ក្នុងអញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហា​គ្រួសារឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «យើងមិនចាំបាច់បង់ថ្លៃបន្ថែម ដែលយើងធ្លាប់តែបាន និងកំពុងបង់ជូនទៅវៀតណាម ដែលម្តងថ្លៃប៉ុណ្ណេះ ម្តងថ្លៃប៉ុណ្ណោះ យើងនៅតែប្រើកំពង់ផែវៀតណាម នូវមុខទំនិញណាដែលត្រូវឆ្លងកាត់អន្តរជាតិ ប៉ុន្តែ ឆ្លងកាត់ប្រទេសគេវាត្រូវតែបង់ថ្លៃ នៅមិនទាន់គិតអំពីថ្ងៃណាគេស្រួលចិត្ត គេផ្តល់ឱ្យយើងងាយស្រួលទៅ ថ្ងៃណាមិនស្រួលចិត្តក៏វាពិបាក ហើយរឿងនេះវាមានប្រវត្តិតាំងពីសម្តេច ព្រះនរោត្តម សីហនុ ហេតុអ្វីបានជាព្រះអង្គទៅខិតខំកសាងកំពង់ផែនៅខេត្តព្រះសីហនុ ដោយវាលំបាកពេកពេលនោះ មានការមិនត្រូវគ្នា អ៊ឹចឹងច្រមុះកម្ពុជា អត់មានច្រមុះដកទេ...!»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កសាងព្រែកជីកហ្វូណនតេជោ នឹងធ្វើឱ្យកម្ពុជា មានច្រមុះដកផ្នែកដឹកជញ្ជូនផ្លូវទឹក ប៉ុន្តែការដឹកជញ្ជូនទំនិញមួយចំនួនពីកម្ពុជា ឆ្លងកាត់វៀតណាម ក៏ត្រូវបង់ថ្លៃដល់វៀតណាម ក៏ប៉ុន្តែ ចំណែកណាដែលត្រូវដឹកចេញទៅសមុទ្រផ្ទាល់ កម្ពុជាត្រូវតែធ្វើ។

«ខ្ញុំត្រូវតែនិយាយការពិតហើយសូមឱ្យអ្នកណាក៏ដោយយកប៊ិចកត់ត្រាឱ្យបានច្បាស់នូវសម្តីរបស់ខ្ញុំនៅទីនេះ កុំបំភ្លៃនូវសម្តីរបស់ខ្ញុំ»។ នេះជាការសង្កត់ធ្ងន់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះការគម្រោងជីកព្រែកជីកហ្វូណន-តេជោ។

សម្តេចតេជោ បានគូសបញ្ជាក់ថា ការបង្កើតឱ្យមានបណ្តាញដឹកជញ្ជូនប្រទះក្រឡាគ្នាទាំងផ្លូវទឹក និងផ្លូវគោករបស់កម្ពុជា ដែលបង្កើតនូវភាពងាយស្រួលសម្រាប់ប៉ែកនិរតីនៃប្រទេសកម្ពុជា បន្ថែមលើពីនេះទំនិញរបស់កម្ពុជា មកពីគ្រប់កន្លែងទូទាំងប្រទេសអាចចូលទៅតាមច្រកទឹកព្រែកជីកហ្វូណនតេជោ៕