(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានប្រកាសប្រាប់មេដឹកនាំវៀតណាមថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ។

នៅក្នុងអញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហា​គ្រួសារឧកញ៉ាកម្ពុជា សម្តេចតេជោ ហ៊ុន សែន សួរទៅអ្នកសិក្សាស្រាវជ្រាវវៀតណាម តើទឹក៧០ភាគរយបាត់ទៅណា? បើបាត់ទឹក គឺកម្ពុជា ជាអ្នកប៉ះពាល់មុនគេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែមេដឹកនាំវៀតណាម មិននិយាយទៅពួកខាងក្រោម ទើបសម្តេចចេញមកនិយាយជាសាធារណៈប្រតិកម្មនឹងទស្សនៈនានាលើកឡើងដោយវៀតណាម។

សម្តេចតេជោ ហ៊ុន សែន ស្រែកឡើងភ្លាត់សំឡេងថា កម្ពុជាមិនល្ងង់ជាងវៀតណាមនោះឡើយ។ ជាង៤០ឆ្នាំមកនេះ សម្តេចមិនដែលសម្រេចចិត្តខុសនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការសិក្សាមួយ​ល្ងិតល្ងង់បែបនេះ ទទួលយកមិនបានទេ ហើយថែមទាំងអ្នកសិក្សា ២នាក់ទៀតរបស់វៀតណាម បញ្ជូនឱ្យសារព័ត៌មានរបស់សាំងហ្គាពួរចុះផ្សាយ។ យើងដឹងឈ្មោះ ហើយវិទ្យាសាស្ត្រនេះ ជាវិទ្យាស្ថានរបស់វៀតណាម ដែលថា ព្រែកជីកនេះ វាសម្រួលឱ្យកងទ័ពជើងទឹករបស់ចិនប្រើប្រាស់។ ខ្ញុំតបទៅវិញថា តើកម្ពុជាត្រូវការកងទ័ពចិនមកធ្វើអ្វី? ដើម្បីអ្វី? នេះជាចំណុចទី១។ ចំណុចទី២ កម្ពុជានិងវៀតណាម មានមិត្តភាពជាមួយគ្នា ទំនាក់ទំនងល្អលើគ្រប់វិស័យ។ ទី៣ វៀតណាម និងចិន ទាក់ទងគ្នាល្អ។ ឬអាចនិយាយមួយបែបអញ្ចេះ កម្ពុជាមិនល្ងង់រហូតយកកងទ័ពចិន មកដាក់នៅទឹកដីរបស់ខ្លួន ផ្ទុយនឹងរដ្ឋធម្មនុញ្ញ របស់ខ្លួនឯងទេ»

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់បណ្តាញ​ដឹក​ជញ្ជូនផ្លូវទឹករវាងទន្លេ និងសមុទ្រកម្ពុជា គឺជាគម្រោងមានគុណប្រយោជន៍​មហា​សាលសម្រាប់ខ្មែរ។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅ​ប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅ​ប្រទេស​ក៏បានគាំទ្រផងដែរ។

ទោះបីយ៉ាងណាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានក្រុមសិក្សា​ស្រាវ​ជ្រាវរបស់​វៀតណាមមួយចំនួន ចេញមកប្រឆាំង និងជំទាស់គម្រោងនេះ ហើយចោទប្រកាន់ថាគម្រោងនេះបម្រើប្រយោជន៍យោធារបស់ចិន។ ដើមឡើយ គេគិតថាមានតែវៀតណាមទេ ដែលប្រឆាំងគម្រោងនេះ ហើយព្យាយាមលាប​ពណ៌​ភ្ជាប់នឹងភូមិសាស្ត្រយោធារបស់ចិន ដើម្បីបន្ទច់​បង្អាក់គម្រោងនេះ ព្រោះវាធ្វើឱ្យ​បាត់​បង់ប្រយោជន៍សេដ្ឋកិច្ចរបស់គេ។

គម្រោងព្រែកជីកហ្វូណន-តេជោនេះ មិនត្រឹមតែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ដែលគាំទ្រ ក្នុងនោះប្រទេសឡាវ ដែលជាប្រទេសនៅផ្នែកខាងលើនៃដងទន្លេមេគង្គ ក៏បានគាំទ្រផងដែរ។

គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់​សមុទ្រ​​របស់កម្ពុជា ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ គឺជាផល​ប្រយោជន៍​សេដ្ឋ​​​កិច្ចសង្គមសុទ្ធសាធ ដែលជួយឱ្យកម្ពជាទិសនិរតីមាន​ផ្លូវទឹក​ដឹក​ជញ្ជូនទៅកាន់​សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។

សម្តេចតេជោបន្ថែមថា ព្រែកជីកនេះ ជួយឱ្យប្រជាជននៅតាមព្រែកនេះ​មានទឹកប្រើប្រាស់​សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។

សម្តេចតេជោក៏ធ្លាប់បានបញ្ជាក់ផងដែរថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹក​នៃទន្លេមេគង្គ​នោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និង ម្យ៉ាងទៀតមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូល​ក្នុងសមុទ្រនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានអះអាងដែរថា គម្រោងព្រែកជីកនេះ មិនបម្រើដល់ភូមិសាស្ត្រយោធារបស់ចិននោះឡើយ។ បើតាមសម្តេចធិបតី បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេសលើទឹកដីកម្ពុជា ហើយបន្ថែមពីលើនោះ លក្ខណៈបច្ចេកទេសព្រែកជីក ដែលមានជម្រៅទឹកត្រឹម៤ ទៅ៥ម៉ែត្រ មិនអាចឱ្យនាវាទ័ពធ្វើចរាចរណ៍បាននោះឡើយ៕