(ក្រចេះ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានដឹកនាំក្រុមការងារ និងអង្គការដៃគូនាំយកក្តារខៀនជិត ២,០០០ក្តា ប្រគល់ជូនមន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ ដើម្បីធ្វើការបែងចែកតាមសាលារៀននៅទូទាំងខេត្ត។

ពិធីប្រគល់នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលាវិទ្យាល័យព្រះមហាក្សត្រយានីកុសមៈ ដោយមានការអញ្ជើញចូលរួមពីលោកមបណ្ឌិត សុខ សេង យ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល, លោក ហង្ស ចាន់ឌី អភិបាលរងខេត្តក្រចេះ តំណាងមូលនិធិអាហារូបករណ៍នៅប្រទេសកូរ៉េ ឈ្មោះ LOTTE លោកអភិបាលក្រុងស្រុក ប្រធានមន្ទីរអប់រំ ប្រធានការិយាល័យអប់រំក្រុង ស្រុក និងនាយកសាលាតាមគោលដៅ។

លោក យក់ ប៊ុនណា ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានចូលរួមក្នុងពិធីនេះថា ដើម្បីចូលរួមលើកលម្ពស់វិស័យអប់រំនៅកម្ពុជា ក៏ដូចជាខេត្តក្រចេះទាំងមូល មូលនិធិអាហារូបករណ៍ប្រទេសកូរ៉េ ផ្តល់ជូនក្តារខៀនប្រភេទកញ្ចក់ចំនួន១,៨១៧ក្តា ដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះ ដើម្បីផ្ដល់ជូនទៅតាមបណ្តាក្រុងស្រុកទាំង៧ក្នុងខេត្ត សម្រាប់ប្រើប្រាស់។

លោកបានឲ្យដឹងថា ក្នុងកាលានុវត្តន៍ នៃការធ្វើបរិវត្តកម្មវិស័យអប់រំ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «ស្ដង់ដាសាលារៀនគំរូ» និង «ពានរង្វាន់សាលារៀនគំរូ សម្ដេចមហាបវរធិតី» ក្នុងទិវាគ្រូបង្រៀន៥តុលា ឆ្នាំ២០២៣ កន្លងមកនេះ សម្រាប់សាលារៀនដែលសម្រេចបានស្ដង់ដាសាលារៀនគំរូ ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤តទៅ។

ស្ដង់ដាសាលារៀនគំរូ ដែលសាលារៀនត្រូវសម្រេចឲ្យបាននូវស្ដង់ដារួមមានចំនួន៥គឺ៖ ស្ដង់ដាទី១៖លទ្ធផលសិក្សារបស់សិស្ស, ស្ដង់ដាទី២៖ការបង្រៀន និងរៀន, ស្ដង់ដាទី៣៖ ការចូលរួមរបស់សហគមន៍, ស្ដង់ដាទី៤៖ដំណើរការប្រតិបត្តិ និងរដ្ឋបាលសាលារៀន និងស្តង់ដាទី៥៖គណនេយ្យភាពរបស់សាលារៀន។

លោករដ្ឋលេខាធិការ បានថ្លែងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តនូវគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី តាមរយ:យន្តការចុះជួយគាំទ្រសាលារៀន ដើម្បីឲ្យក្លាយទៅជាសាលារៀនគំរូនៅទូទាំងប្រទេស។ ការអនុវត្តស្តង់ដាសាលារៀនគំរូ គឺជាកំណែទម្រង់អប់រំកម្រិតសាលារៀនជាកញ្ចប់ ដោយផ្តោតជាសំខាន់ លើគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងគោលបំណងពង្រឹងចំណេះដឹង និងសីលធម៌របស់សិស្សឲ្យបានល្អប្រសើរ ដើម្បីឈានទៅថ្នាក់ឧត្តមសិក្សា។

លោកបានថ្លែងអំណរគុណទៅដល់អង្គការដៃគូ ដែលបានចូលរួមក្នុងការគាំទ្រទៅដល់វិស័យអប់រំ នៅតាមបណ្ដាលខេត្តក្នុង ដើម្បីធានាបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីការអប់រំឆ្នាំ២០៣០ខាងមុខ និងក៏បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធ និងសហគមន៍ទាំងអស់ ត្រូវសហការគ្នាពង្រឹង និងអនុវត្តឲ្យបានទូលំទូលាយដើម្បី ឆ្ពោះទៅសម្រេចឲ្យបានតាមតម្រូវការរបស់ក្រសួងនិងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស។

លោកបានលើកទឹកចិត្តដល់សិស្សានុសិស្ស ឲ្យបន្តការខិតខំយកចិត្តទុកដាក់នៅក្នុងការសិក្សា នៅក្នុងឱកាសការប្រឡងបាក់ឌុបនៅពេលខាងមុខឆ្នាំបន្តបន្ទាប់នេះ នឹងបានផ្ដល់អនុសាសន៍នូវចំណុចសំខាន់ៗ៥ ចំណុចគឺ ត្រូវចេះស្ដាប់, ចេះគិត, ចេះសួរ, ចេះដោះស្រាយ។

លោក យក់ ប៊ុនណា បានក្រើនរំលឹកសិស្សានុសិស្ស ត្រូវមានសតិរំលឹកដោយខ្លួនឯង សតិរំលឹកនោះ គឺថាខ្លួនយើងចង់បាននិទ្ទេសល្អក្នុងការសិក្សា ខ្លួនយើងចង់ក្លាយទៅជា មេធាវីជាគ្រូបង្រៀន ឬធ្វើការងារអ្វីមួយផ្សេង ដើម្បីជាភាពរំលឹកដាស់តឿនខ្លួនឯង ឲ្យបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីសម្រេចបានភាពជោគជ័យនៅក្នុងការសិក្សាសម្រាប់ជីវិតនៅពេលអនាគត៕