(មណ្ឌលគិរី)៖ លោក ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និង​ជា​ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ច​ប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋា​ភិ​បាល​ចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។

ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនារសៀលថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ក៏មានការ​អញ្ជើញចូលរួមពីសំណាក់លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ប្រធាន អនុប្រធានក្រុមការងារ ព្រមទាំង លោក លោកស្រី ជាសមាជិក សមាជិកា នៃក្រុម​ការ​ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី មន្ត្រីពាក់ព័ន្ធពីគ្រប់អង្គភាពជុំវិញខេត្ត និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។

របាយការណ៍បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូល​ដ្ឋានខេត្តមណ្ឌលគិរី បានចូលរួមគាំទ្រ និងចូលរួមអនុវត្ត កម្មវិធីគោលនយោ​បាយ​អាទិ​ភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួម​ទាំង​ការគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រក​ចេញ​ចូល​តែមួយ។

ក្នុងនោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះ​មូល​ដ្ឋានបានចូលរួមគាំទ្រ និងចូលរួមអនុវត្ត រួមមាន៖ (១) ជំរុញការផ្តល់សេវាសុខាភិបាល​ជូនដល់ប្រជាពលរដ្ឋ (២)យកចិត្តទុកដាក់លើការជំរុញការងារបណ្តុះ​បណ្តាលជំនាញ​វិជ្ជា​ជីវៈជូនដល់ប្រជាពលរដ្ឋ ដែលមិនមានលទ្ធភាព (៣) យកចិត្តទុកដាក់ខ្ពស់ក្នុងការចូល​រួមអនុវត្តកម្មវិធីជំនួយសង្គមផ្សេងៗ តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងកម្ម​វិធីជាតិផ្សេងៗ (៤) យកចិត្តទុកដាក់ក្នុងការលើកទឹកចិត្តដល់អ្នកប្រកបរបរក្រៅប្រព័ន្ធ និង​ប្រកបរបរក្នុងប្រព័ន្ធ (៥) យកចិត្តទុកដាក់ជួយគាំទ្រដល់ប្រជាពលរដ្ឋ ជាពិសេសប្រជា​កសិ​ករក្នុងការទទួលបានការជួយគាំពារ តាមរយៈការដាក់ចេញនូវគោលនយោ​បាយ​គាំ​ពារ និងការផ្តល់ហិរញ្ញប្បទានកសិកម្ម ស្របតាមគោលនយោបាយជាតិ និង (៦) យកចិត្ត​ទុកដាក់អនុវត្តតាមការណែនាំរបស់ថ្នាក់ជាតិ ក្នុងការចូលរួមជំរុញ និងចាត់បញ្ជូនមន្ត្រី​បច្ចេក​ទេសកសិកម្ម ចុះជួយដល់មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់ ដើម្បីលើកកម្ពស់ការ​យល់​ដឹងជំនាញកសិកម្ម។

ដោយឡែក វិធានការគន្លឹះទាំង៥ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានចូល​រួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្ត រួមមាន៖ (១) កម្មវិធីកំណែទម្រង់លើវិស័យ​មុខងារ​សាធារណៈ (២) កម្មវិធីកំណែទម្រង់លើវិស័យអប់រំ (៣) ជំរុញការអនុវត្ត និងពង្រឹងការ​ងារ​វិស័យសុខាភិបាល (៤) ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន  និង (៥)ការងារកំណែ​ទម្រង់​ប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការ។

បន្ថែមពីនេះ ក្រុមការងាររាជរដ្ឋាភិបាល ក៏បានអនុវត្តសកម្មភាពសំខាន់ៗជាច្រើនទៀត​មាន​ដូចជា រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រកាសសមាភាពក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូ​លដ្ឋានខេត្តមណ្ឌលគិរី  និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងស្រុក ឃុំ​សង្កាត់​ចំនួន៦លើក រៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយឆ្លើយតប​បញ្ហា​ប្រឈម សំណើ សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានក្នុង​ខេត្ត​មណ្ឌលគិរី បានចំនួន ១០លើក ចូលរួមឧបត្ថម្ភស្បៀង គ្រឿងឧបភោគបរិភោគ សម្ភារ​ថវិកា ដល់ប្រជាពលរដ្ឋជួបគ្រោះធម្មជាតិ ឬគ្រោះថ្នាក់នានា ព្រមទាងការជួយដល់ប្រជា​ពល​រដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះនានា បានចំនួន ៤លើក និងចុះជួបប្រាស្រ័យផ្ទាល់​ជា​មួយប្រជា​ពលរដ្ឋតាមខ្នងផ្ទះ ចុះសួរសុខទុក្ខចាស់ជរា និងប្រជាពលរដ្ឋ ក្រលំបាក និងមានជំងឺ បានចំនួន ៤លើក។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធាន បានសម្តែងការអបអរសាទរលើសមិទ្ធផល​ទាំង​អស់ ក៏ដូចជាថ្លែងអំណរគុណ និងលើកទឹកចិត្តដល់ក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​គ្រប់​រូប ឱ្យបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង និងសម្លឹងឆ្ពោះទៅមុខប្រកបដោយក្តីសង្ឃឹម ភាពជឿ​ជាក់ និងឆន្ទៈមោះមុត ក្នុងការសម្រេចបាននូវចក្ខុវិស័យ នៃការប្រែក្លាយកម្ពុជា ទៅជា​ប្រទេស​ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមាន​ចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ស្វាហាប់ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ទន្ទឹមនេះ លោកប្រធាន ឈួន វិន ក៏បានដាក់ទិសដៅការងារបន្តមួយចំនួន ដែលរួមមាន៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្រុក ត្រូវរៀបចំក្រុមលេខាធិការវេទិកា​សាធា​រណៈ​នៃឃុំ សង្កាត់នីមួយៗ និងបូកសរុបលទ្ធផលវេទិកាសាធារណៈតាមភូមិនីមួយៗ និងស្នើដល់តំណាងក្រសួងពាក់ព័ន្ធវិស័យសំខាន់ៗ ដោយសូមលើកយកតែ ៥វិស័យគឺ វិស័យកសិកម្ម វិស័យធនធានទឹក វិស័យទេសចរ វិស័យបរិស្ថាន វិស័យរ៉ែ និងថាមពល​ដោយ​ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំធ្វើបទបង្ហាញសង្ខេបចែករំលែក​ជូន​អង្គ​ប្រជុំ សម្រាប់កិច្ចប្រជុំត្រីមាសទីពីរ ព្រមទាំងសិក្សាកំណត់អាទិភាពតំបន់គោលដៅ​ទេស​ចរណ៍ និងពិនិត្យលទ្ធភាពការចុះទៅទីតាំងសំខាន់តាមក្រុង ស្រុកនីមួយៗ ដើម្បីសិក្សាអំពី​សក្តានុពលនៅតំបន់ទាំងនោះ ហើយជំរុញការផ្សព្វផ្សាយឱ្យកាន់តែច្រើន និងទូលំទូលាយ​បន្ថែមទៀត តាមរយៈក្រុមការងារផ្សព្វផ្សាយដែលមានសមាស​ភាពទទួលខុស​ត្រូវពីថ្នាក់​ខេត្ត ដល់ក្រុងស្រុកតែម្តង។

លោក ឈួន វិន បានលើកទឹកចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ ឱ្យបន្ត​ខិតខំប្រឹងប្រែងអនុវត្តការងារ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចឱ្យបានជោគជ័យលើ​គ្រប់ការងារ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលដៅកំណត់ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល៕