(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែនជាប្រយោជន៍របស់ត្រកូល «ហ៊ុន» នោះទេ គឺជាប្រយោជន៍របស់ខ្មែរទាំងមូល ដែលត្រូវកូល «ហ៊ុន» គ្រាន់តែជាអ្នកបានចូលរួម នៅក្នុងការជួយផ្តួចផ្តើម និងធ្វើកិច្ចការងារនេះឱ្យជោគជ័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចេញសារយ៉ាងច្រើនអនេក គាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីកម្ពុជាផ្លូវដឹកជញ្ជូនដោយខ្លួន មានកន្លែងដកដង្ហើមដោយខ្លួនឯង។ សម្តេចធិបតី នឹងបន្តបេសកកម្មរបស់សម្តេចតេជោ ធ្វើឱ្យព្រែកជីកហ្វូណន-តេជោ ចេញជារូបរាង។

ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចតេជោ ហ៊ុន សែន បានលើកឡើងហើយ វា(គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែនជាផលប្រយោជន៍ត្រកូលហ៊ុន នោះទេ ប៉ុន្តែត្រកូលហ៊ុន គ្រាន់តែជាអ្នកបានចូលរួម នៅក្នុងការជួយផ្តួចផ្តើម និងធ្វើ កិច្ចការងារនេះ សម្តេចតេជោ បានផ្តួចផ្តើមធ្វើការងារនេះ ឥលូវខ្ញុំនឹងបន្តធ្វើឱ្យគម្រោងនេះ ចេញជារូបរាងជូនប្រជាពលរដ្ឋយើង»

បើតាមការថ្លែងរបស់សម្តេចធិបតី ការធ្វើព្រែកជីកហ្វូណន-តេជោ គឺជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រសម្រាប់ការដឹកនាំ ដូច្នេះមានការសិក្សាច្បាស់លាស់ណាស់ ពីផលប៉ះពាល់។ យោងតាមច្បាប់ ការជីកព្រែកហ្វូណន-តេជោ មិនតម្រូវឱ្យកម្ពុជាសុំច្បាប់ប្រទេសណានោះឡើយ គឺគ្រាន់តែជូនព័ត៌មានទៅគណៈកម្មការទន្លេមេគង្គប៉ុណ្ណោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ប្រទេសច្រើនធ្វើព្រែក ធ្វើវារីអគ្គិសនីជាច្រើន មិនខ្វល់ មកចាប់អារម្មណ៍អ្វីម្ល៉េះមកនឹងកម្ពុជា ប៉ុន្តែសម្តេចធិបតី អះអាងថា គ្មានអ្វីមករារាំងគម្រោងព្រែកជីកហ្វូណន-តេជោ នោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា គម្រោងព្រែកជីកហ្វូណន-តេជោ បានសិក្សាយ៉ាងលម្អិតរយៈពេលប្រមាណ ២៦ខែ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់បណ្តាញ​ដឹក​ជញ្ជូនផ្លូវទឹករវាងទន្លេ និងសមុទ្រកម្ពុជា គឺជាគម្រោងមួយ ដែលមានគុណប្រយោជន៍​មហាសាល​សម្រាប់ប្រទេសខ្មែរ។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅ​ប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅ​ប្រទេស​ក៏បានគាំទ្រផងដែរ។

ទោះបីយ៉ាងណា គម្រោងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានក្រុមសិក្សា​ស្រាវ​ជ្រាវរបស់​វៀតណាមមួយចំនួន ចេញមកប្រឆាំង និងជំទាស់គម្រោងនេះ ហើយចោទប្រកាន់ថាគម្រោងនេះ បម្រើប្រយោជន៍យោធារបស់ចិន។ ដើមឡើយ គេគិតថាមានតែវៀតណាមទេ ដែលប្រឆាំងគម្រោងនេះ ហើយព្យាយាមលាប​ពណ៌​ភ្ជាប់នឹងភូមិសាស្ត្រយោធារបស់ចិន ដើម្បីបន្ទច់​បង្អាក់គម្រោងនេះ ព្រោះវាធ្វើឱ្យ​បាត់​បង់ប្រយោជន៍សេដ្ឋកិច្ចរបស់គេ។

ស្រាប់តែ​នៅ​ព្រឹកព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ គេក៏បានឃើញលោក សម រង្ស៉ី អ្នកនយោបាយប្រឆាំងនៅកម្ពុជា កំពុងរស់នៅប្រទេសបារាំង គេចពី​សំណាញ់ច្បាប់របស់កម្ពុជា ក៏បានចេញមកជំទាស់នឹងគម្រោងនេះផងដែរ។ លោក សម រង្ស៉ី ក៏បានលាបពណ៌គម្រោងនេះ ដូចទៅនឹងអ្នកសិក្សាស្រាវជ្រាវ​របស់វៀតណាមផងដែរ ដោយថាគម្រោងនេះបម្រើឱ្យប្រយោជន៍យោធារបស់​ចិន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចោទសួរទៅត្រឡប់ទៅជនក្បត់ជាតិ សម រង្ស៉ី តើមានចេតនាបែបណា និងរូបភាពបែបណា ដែលប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ ដូចនឹងអ្នកស្រាវជ្រាវរបស់វៀតណាម? សម្តេចធិបតី បានបន្ត ចោទសួរជនក្បត់ជាតិ៣ជំនាន់ថា តើចំណេញ ឬខាតរវាងដឹកចេញតាមព្រែកជីករបស់ខ្លួនឯង និងចំណាយលុយឆ្លងកាត់តាមប្រទេសគេ? សម្តេចធិបតី​ ក៏បានផ្តាំទៅជនក្បត់ជាតិ សម រង្ស៉ី តម្កល់ប្រយោជន៍សម្រាប់ជាតិ កុំប្រឆាំង ដើម្បីប្រឆាំង។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំខ្វល់ថានរណាជាអ្នកធ្វើ ហើយកុំខ្លាចបានប្រជាប្រិយទៅសម្តេចតេជោ ឬសម្តេចធិបតី សំខាន់បានជាប្រយោជន៍របស់ខ្មែរទាំងមូល។

សម្តេចធិបតី បានថ្លែងថា ថវិកាសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ បានត្រៀមបម្រុងរួចហើយ មិនតម្រូវការមូលនិធិពីប្រជាពលរដ្ឋនោះទេ។ ការគាំទ្រផ្នែកស្មារតី គឺជាការគាំទ្រដ៏ធំធេង ខណៈរាជរដ្ឋាភិបាលមិនមានគម្រោងបង្កើតមូលនិធិ សម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ នោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទោះមិនមានការចូលរួមពីបរទេស ក៏ខ្មែរអាចធ្វើព្រែកជីកនេះបានដែរ ហើយការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោ អាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតគឺនៅឆ្នាំ២០២៥។ បន្ថែមលើនេះ សម្តេចធិបតី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ និងសាសនា ចូលរួមគាំទ្រឱ្យគម្រោងព្រែកជីកហ្វូណន-តេជោ សម្រេចបានជោគជ័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ជនខ្លះយកស្មារតីជាតិនិយមធ្វើឱ្យបែកបាក់ជាតិ តែពេលនេះខ្មែរយកស្មារតីជាតិនិយម ដើម្បីកសាងព្រែកជីកហ្វូណន-តេជោ ជាសមិទ្ធផលរបស់ជាតិ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់​សមុទ្រ​​របស់កម្ពុជា ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ គឺជាផល​ប្រយោជន៍​សេដ្ឋ​​​កិច្ចសង្គមសុទ្ធសាធ ដែលជួយឱ្យកម្ពជាទិសនិរតីមាន​ផ្លូវទឹក​ដឹក​ជញ្ជូនទៅកាន់​សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ព្រែកជីកនេះ ជួយឱ្យប្រជាជននៅតាមព្រែកនេះ​មានទឹកប្រើប្រាស់​សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។

សម្តេចតេជោក៏ធ្លាប់បានបញ្ជាក់ផងដែរថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹក​នៃទន្លេមេគង្គ​នោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និង ម្យ៉ាងទៀតមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូល​ក្នុងសមុទ្រនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានអះអាងដែរថា គម្រោងព្រែកជីកនេះ មិនបម្រើដល់ភូមិសាស្ត្រយោធារបស់ចិននោះឡើយ។ បើតាមសម្តេចធិបតី រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេសលើទឹកដីកម្ពុជា ហើយបន្ថែមពីលើនោះ លក្ខណៈបច្ចេកទេសព្រែកជីក ដែលមានជម្រៅទឹកត្រឹម៤ ទៅ៥ម៉ែត្រ មិនអាចឱ្យនាវាទ័ពធ្វើចរាចរណ៍បាននោះឡើយ៕