(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ឧសភា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា គោលការណ៍វិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា គឺរក្សាចាស់ និងបង្កើតថ្មី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់តាមរយៈពាក្យស្លោករបស់ចាស់បុរាណ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលយល់នោះ គឺ «ត្រូវរក្សាចាប៥ក្នុងដៃ ប្រសើរជាងរង់ចាំលលក២០ នៅក្នុងព្រៃ»។ ក្នុងន័យនេះ សម្ដេចបានគូសបញ្ជាក់ថា រាល់សហគ្រាស រោងចក្រដែលមានស្រាប់ ដែលកំពុងដំណើរការ ត្រូវតែបន្ដថែរក្សាដើម្បីធានាដល់និរន្ដរ៍ភាព ហើយចំពោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ត្រូវយកចិត្តទុកដាក់ដូចគ្នា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កន្លងទៅយើងប្រើអភិក្រម រក្សាចាស់ បង្កើតថ្មី រួមទាំងវិស័យឯកជន សហគ្រាស និងរោងចក្រក្នុងវិស័យឧស្សាហកម្ម វិស័យធនាគារ ទេសចរណ៍ និងកសិកម្ម [...] នៅពេលអ្នកវិនិយោគថ្មីមក យើងត្រូវគិតដល់អ្នកដែលមានស្រាប់ ធ្វើយ៉ាងណាឲ្យគាត់ជោគជ័យ រីកចម្រើន សប្បាយចិត្ត ដើម្បីអាចរីកចម្រើនបន្ដទៀត។ អ៊ីចឹងគោលការណ៍របស់យើង រក្សាសហគ្រាស វិនិយោគក្រុមហ៊ុនដែលមានស្រាប់ ក្រៅប្រព័ន្ធក្ដីដែលមិនទាន់ចុះបញ្ជីក្ដី ត្រូវធ្វើយ៉ាងណាដើម្បីនិរន្ដរ៍ភាព ហើយថ្ងៃក្រោយចូលក្នុងប្រព័ន្ធ»

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញថា គ្រប់អ្នកវិនិយោគដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា ហើយបានបន្ដរីកចម្រើននោះ នឹងជួយដល់ប្រជាពលរដ្ឋកម្ពុជាបានកាន់តែច្រើន តាមរយៈការតម្លើងនូវប្រាក់ខែ ហើយអាចពង្រីកនូវអាជីវកម្មរបស់ខ្លួនបានកាន់តែច្រើនថែមទៀតផង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា ក្រៅពីការរក្សាអ្វីដែលមានស្រាប់ហើយនោះ ការទាក់ទាញវិនិយោគិនមកថ្មីៗបន្ថែមទៀតនោះ ក៏ត្រូវតែធ្វើជាចាំបាច់ផងដែរ។ សម្ដេចគូសបញ្ជាក់ថា ការគៀរគរវិនិយោគិនថ្មីៗបន្ថែមទៀត តាមរយៈអ្វីដែលសម្ដេចថាទាក់ម៉ូយនោះ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព ក៏ត្រូវការចូលរួមចំណែកពីសំណាក់វិនិយោគិនដែលមានស្រាប់នៅក្នុងស្រុកផងដែរ ដែលសម្ដេចចាត់ទុកថា ជាអ្វីដែលមានប្រសិទ្ធភាពបំផុត ជាងការពន្យល់របស់រាជរដ្ឋាភិបាល ឬមន្ដ្រីជំនាញ។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ថែមថា ក្រៅពីការខិតខំប្រឹងប្រែងទាំងអស់នេះ កត្តាសុខសន្តិភាព និងស្ថេរភាព គឺជាកត្តាដ៏សំខាន់សម្រាប់ការទាក់ទាញវិនិយោគ។ សម្ដេចបានថ្លែងថា ច្បាស់ណាស់នឹងមិនមានការវិនិយោគណាមួយ ទៅកាន់ប្រទេសដែលកំពុងមានសង្គ្រាម និងគ្មានស្ថេរភាពនោះទេ ដូច្នេះហើយត្រូវតែរួមគ្នាដើម្បីការពារនូវសុខសន្ដិភាព និងស្ថេរភាពនយោបាយដែលកំពុងមាននៅពេលបច្ចុប្បន្ននេះ៕