(ភ្នំពេញ)៖ ក្នុងឱកាសសម្តេចអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា  នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់អនុសាសន៍មួួយចំនួនដល់ក្រសួងការងារ ម្ចាស់សហគ្រាស និងសហជីព ដើម្បីជំរុញចូលរួមយុទ្ធនាការសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ឱ្យក្លាយទៅជាចលនាជាតិមួយនៅហ្នឹងកន្លែង។

អនុសាសន៍ដែលសម្តេចធិបតីបានផ្ដល់ដល់ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានដូចខាងក្រោម៖
១. ត្រូវពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធវិស័យការងារ ដោយចាត់វិធានការ យ៉ាងម៉ឺងម៉ាត់តាមច្បាប់ គ្មានការលើកលែង ចំពោះម្ចាស់សហគ្រាស គ្រឹះស្ថាន ទាំងឡាយណាដែល មិនអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ។
២. ត្រូវបន្តដឹកនាំយន្តការអធិការកិច្ចអន្តរក្រសួងដោយកំណត់ធ្វើឡើងតែម្ដងគត់ក្នុង១ឆ្នាំ លើគោលដៅតែមួយ លើកលែងតែមានបណ្ដឹងពីបងប្អូនកម្មករនិយោជិត ឬមានឧបទ្ទវហេតុណាមួយកើតឡើង និងធ្វើវិជ្ជាជីវៈនីយកម្មអធិការការងារនិងបណ្តុះបណ្តាល វាយតម្លៃ ដើម្បីផ្តល់នីតិសម្បទា ជានគរបាលយុត្តិធម៌ និងផ្តល់ការបណ្តុះបណ្តាលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ។
៣. ត្រូវសហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសិក្សាលទ្ធភាពបង្កើតរបបធានារ៉ាប់រងផលប្រយោជន៍របស់កម្មករនិយោជិត នៅពេលរោងចក្របិទទ្វារ ឬដួលរលំ នៅក្រោម បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវអនុវត្តតែក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប។
៤. ត្រូវពិភាក្សាជាមួយដៃគូពាក់ព័ន្ធដើម្បីបន្តគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការប្រកបដោយតម្លាភាព ប្រសិទ្ធភាព ឯករាជ្យភាព និងទទួលបាននូវជំនឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ក្រសួងត្រូវពិនិត្យរៀបចំក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលទៅជាស្ថាប័នជាតិមួយ ដែលមានទីកន្លែងការងារសមរម្យ និងមានប្រភពមូលនិធិពិតប្រាកដមួយ ដើម្បី ធានានិរន្តរភាពក្នុងការអនុវត្តតួនាទី ភារកិច្ច ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈកាន់តែខ្ពស់ និង វិសាលភាពកាន់តែទូលំទូលាយ។
៥. ត្រូវបន្តយកចិត្តទុកដាក់អនុវត្តអនុសាសន៍គន្លឹះទាំង១០ចំណុច របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអនុសាសន៍ ១០ ចំណុច ដែលខ្ញុំបានដាក់ចេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅឱ្យមានប្រសិទ្ធភាពខ្ពស់បន្តទៀត។
៦. ត្រូវបន្តរៀបចំកម្មវិធីជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិតទាំង សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីចុះសួរសុខទុក្ខ និងដោះស្រាយសំណូមពររបស់បងប្អូន កម្មករនិយោជិត។

ទន្ទឹមនឹងនេះ សម្តេចបានផ្តល់អនុសាសន៍ដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក និង សហជីពដែលរួមមាន៖
១. ត្រូវចូលរួមអនុវត្តច្បាប់ និងពង្រឹងវប្បធម៌អនុលោមភាពតាមច្បាប់។
២. ត្រូវខិតខំពង្រឹងសមត្ថភាព និងការយល់ដឹងអំពីច្បាប់, និងលិខិតបទដ្ឋានពាក់ព័ន្ធវិស័យ ការងារ ដើម្បីបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមានតម្លាភាពក្នុងការការពារសិទ្ធិនិងអត្ថប្រយោជន៍ស្របតាមច្បាប់។
៣. ត្រូវចាត់ទុករោងចក្រជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិត និងនិយោជក៕