(ព្រះវិហារ)៖ គណបក្សប្រជាជនកម្ពុជាស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំស្តីពីការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ២០២៤ ក្រោមវត្តមានលោក យស ផានីត្តា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភាភូមិភាគ៨ និងលោក អ៊ុក គឹមសាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករវៀង ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សស្រុករវៀង គណបក្សឃុំ និងសមាជិកគណបក្សជាច្រើនរូបទៀត។

នៅក្នុងឱកាសនេះលោក យស ផានីត្តា បានពាំនាំនូវប្រសាសន៍ផ្តាំផ្គើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ ព្រមទាំងថ្នាក់ដឹកនាំគណបក្សជាច្រើនរូបទៀត ផ្ញើជូនថ្នាក់ដឹកនាំគណគណបក្សស្រុករវៀង ថ្នាក់ដឹកនាំគណបក្សតាមបណ្តាឃុំទូទាំងស្រុក ក៏ដូចជាក្រុមការងារគណបក្ស សមាជិកគណបក្សប្រជាជនកម្ពុជាទូទាំងស្រុករវៀងផងដែរ។

លោក យស ផានីត្តា បានថ្លែងនូវការអរគុណដល់អង្គបោះឆ្នោត ក៏ដូចជាក្រុមការងារទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះលើការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី៧ និងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅថ្មីៗនេះ។

លោក យស ផានីត្តា ក៏បានថ្លែងផ្តាំផ្ញើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែធ្វើអំពើល្អ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងមានប្រសិទ្ធិភាព និងរក្សាឱ្យបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ចំណែកឯអង្គបោះឆ្នោតត្រូវថែទាំសុខភាពឱ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមក្នុងថ្ងៃបោះឆ្នោត ដែលជាក្រុមប្រឹក្សាឃុំទាំងអស់ជាអង្គបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ។

ដោយឡែក លោក អ៊ុក គឹមសាន ក៏បានថ្លែងនូវការអរគុណដល់លោក យស ផានីត្តា ដែលបានចូលរួមដឹកនាំកិច្ចប្រជុំការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ហើយលោកក៏សូមថ្លែងអំណរគុណដល់ក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោត ដែលបានចូលរួមបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជ្រើសរើសសមាជិកព្រឹទ្ធសភា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ ដែលបានផ្តល់ឱកាសដល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប់ជាប្រធានព្រឹទ្ធសភាជាតិ។

លោក អ៊ុក គឹមសាន បានថ្លែងយ៉ាងដូច្នេះទៀតថា៖ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ជាការបោះឆ្នោតអសកល ដូច្នេះសូមអង្គបោះឆ្នោតទាំងអស់ជួយពិនិត្យមើលអត្តសញ្ញាណបណ្ណរបស់ខ្លួន ពិនិត្យមើលសុខភាពរបស់ខ្លួន និងសូមឱ្យក្រុមការងារថ្នាក់ខេត្ត ចុះជួយតាមបណ្តាលស្រុក ឃុំ ត្រូវយកចិត្តទុកដាក់ចុះសួរសុខទុក្ខដល់អង្គបោះឆ្នោតរបស់យើង។

លោក អ៊ុក គឹមសាន ក៏បានថ្លែងនូវការចូលរួមសប្បាយរីករាយជាមួយប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ លោកថាស្រុករវៀងរបស់យើងក៏បានរៀបចំសង្ក្រានផ្តល់ឱកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ ពិសេសគឺសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីចូលឆ្នាំ គឺអាជ្ញាធរ និងសមត្ថកិច្ចរបស់យើងរក្សាបានល្អ។លោកក៏បានថ្លែងផ្តាំផ្ញើដល់អាជ្ញាធរស្រុក ឃុំ ភូមិ ទូទាំងស្រុករវៀង ដោយសាររដូវនេះជារដូវក្តៅ សូមចុះពិនិត្យមើលប្រជាពលរដ្ឋ ក្រែងខ្វះខាតទឹកស្អាតប្រើប្រាស់ ឫក៏មានបញ្ហាអ្វីសូមរាយការណ៍ជូនក្រុមការងារ ដើម្បីចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលា៕