(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងយុគសម័យផែនដីតេជោសន្ដិភាពដ៏ស្រស់បវរនេះ បើនិយាយអំពីទង្វើរបស់បុគ្គល សម រង្ស៊ី ដែលបានអះអាងយ៉ាងក្ដែងៗ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ មកនេះថា ចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ដែលភ្ជាប់ពីទីក្រុងភ្នំពេញ ទៅដល់សមុទ្រខេត្តព្រះសីហនុ មិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសកម្ពុជាទេ តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត ដែលត្រូវការពង្រឹងឥទ្ធិពលរបស់ខ្លួន ទៅដល់ឈូងសមុទ្រថៃ ឯណោះ។

វា គឺជារឿងដ៏គួរឲ្យហួសចិត្តនិងអស់សំណើច ពីព្រោះបើសូម្បីតែគម្រោងតភ្ជាប់ទីក្រុងភ្នំពេញពីទន្លេបាសាក់ ទៅសមុទ្រខេត្ដកែបសោះ ក៏បុគ្គលសម រង្ស៊ី ពុំដឹងផង តែផ្ទុយទៅវិញបែរជាបុគ្គលសម រង្ស៊ី អះអាងថា ជាគម្រោងព្រែកជីកពីទីក្រុងភ្នំពេញទៅសមុទ្រខេត្ដព្រះសីហនុ ឯណាឯណីឆ្កុយទៅវិញ។ តើនេះយើងមិនហៅថា ជាការហួសចិត្ដ និងអស់សំណើចទេឬអ្វី?

បន្ថែមពីលើនេះទៀត ចំពោះទង្វើរបស់បុគ្គលសម រង្ស៊ី ដែលបានអះអាងយ៉ាងក្ដែងៗទាំងខុសទីតាំងភូមិសាស្រ្ដខេត្ដទៀតថា គម្រោងជីកព្រែកហ្វូណន-តេជោ ដែលភ្ជាប់ពីទីក្រុងភ្នំពេញ ទៅដល់សមុទ្រខេត្តព្រះសីហនុ មិនមែនបម្រើផលប្រយោជន៍សេដ្ឋកិច្ចប្រទេសកម្ពុជាទេ តែបម្រើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិនកុម្មុយនីស្ត ដែលត្រូវការពង្រឹងឥទ្ធិពលរបស់ខ្លួន ទៅដល់ឈូងសមុទ្រថៃឯណោះ។

ស្ថិតត្រង់ចំណុចនេះ លោក រ័ត្នសណ្តាប់ បានថ្លែងចាត់ទុកថា រាល់ទង្វើអះអាងរបស់បុគ្គល សម រង្ស៊ី ខ្វះចំណេះដឹងប្រវត្ដិសាស្រ្ដ ខ្វះមនសិការស្រទ្បាញ់ជាតិ និងប្រជាជនខ្មែរយ៉ាងពិតប្រាកដ ព្រោះបើពោលអំពីគុណតម្លៃព្រែកជីកហ្វូណន-តេជោនេះ គឺជាមរតកទ្រព្យសម្បត្ដិរបស់ជាតិ និងប្រជាជនខ្មែរដ៏មហាសាលពុំអាចកាត់ថ្លៃបាន ដើម្បីបម្រើដល់វិស័យដឹកជញ្ជូនផ្លូវទឹក កសិកម្ម ទេសចរណ៍ អចលនទ្រព្យដីធ្លីតាមដងព្រែកជីក និងវិស័យផ្សេងៗទៀត ទាំងជំនាន់នេះនិងជំនាន់ក្រោយៗទៀត តរៀងទៅ ។

មួយវិញទៀត បើពោលអំពីប្រវត្ដិសាស្ដ្រកម្ពុជាវិញ យើងអាចចោទជាសំណួរថា ក្រោយពីការធ្លាក់ចុះនៃចក្រភពអង្គរ ហេតុអ្វីខ្មែរចុះទន់ខ្សោយរហូតមក?

ក្នុងព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដ បន្ទាប់ពីការធ្លាក់ចុះនៃចក្រភពអង្គរ ដែលធ្វើឲ្យខ្មែរទន់ខ្សោយពីស.វ.ទី១៤ រហូតមកពីព្រោះក្រោយពីរាជ្យព្រះបាទជ័យវរ្ម័នទី៧ មកដល់រាជ្យព្រះបាទជ័យវរ្ម័នទី៨ ខ្មែរបានបែកបាក់គ្នាជាក្រុមៗ ដោយឆ្លៀតឱកាសនោះ សៀម ក៏បានបង្កើតរដ្ឋទ្បើង ព្រមជាមួយនឹងការខ្ទប់ដង្ហើមសេដ្ឋកិច្ចផ្លូវសមុទ្រខ្មែរ ផងដែរ ព្រោះព្រំដែនផ្លូវសមុទ្រខ្មែរដែលចេញទៅតាមច្រកម៉ាទ្បេយូ (ម៉ាទ្បេស៊ីសព្វថ្ងៃ) សៀមបានគ្រប់គ្រង ហើយធ្វើការរាំងខ្ទប់ច្រកសេដ្ឋកិច្ចខ្មែរនាពេលនោះ ។

ក្រោយពីការរាំងខ្ទប់ច្រកសេដ្ឋកិច្ចពីថៃ បានធ្វើឲ្យខ្មែរងាកទៅរកច្រកសមុទ្រ ដែលស្ថិតនៅដែនដីកម្ពុជាក្រោមវិញម្ដង ប៉ុន្ដែជាកុសលដែនដីកម្ពុជាក្រោម ក្រោយមកត្រួវបានវៀតណាមដណ្ដើមយកទៀត ហើយក៏បានធ្វើការរាំងខ្ទប់ច្រកសមុទ្រទៀត គឺធ្វើឲ្យខ្មែរត្រូវកាត់ផ្តាច់ពីពិភពខាងក្រៅស្ទើរទាំងស្រុង ជាហេតុធ្វើឲ្យខ្មែរខ្សោយទៅៗ រហូតដល់សម័យព្រះបាទអង្គឌូង ព្រះអង្គខិតខំប្រឹងប្រែងទាំងត្រដាបត្រដួសកសាងផ្លូវ ដើម្បីរៀបចំឲ្យមានកំពង់ផែសមុទ្រក្នុងខេត្តកំពត សព្វថ្ងៃ ប៉ុន្ដែពុំអាចទៅរួចទ្បើយ ។

លោក រ័ត្នសណ្តាប់ បន្ដថា ដូច្នេះស្ថិតក្នុងទស្សនវិស័យ និងស្មារតីស្នេហាជាតិ និងប្រជាជនខ្មែរយ៉ាងពិតប្រាកដរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្តពីទស្សនវិជ្ជាពីសម្ដេចតេជោ ដែលធ្វើឲ្យព្រែកជីកហ្វូណន-តេជោ បានប្រតិស្ឋាននៅលើផែនដីតេជោសន្ដិភាព នៅចុងឆ្នាំ២០២៤ខាងមុខនេះ ជាព្រែកជីករំដោះផ្លូវទឹកសមុទ្រកម្ពុជាឲ្យចេញផុតពីនឹមអាណានិគមផ្លូវទឹកពីប្រទេសជិតខាង ដែលមានរយ:ពេល៥០០ឆ្នាំ។

បើពោលឲ្យចំ ព្រែកជីកហ្វូណន-តេជោ ជាព្រែកកសាងស្ពានអរិយធម៌ផ្លូវសមុទ្រកម្ពុជា បើកទ្វារចំហទៅកាន់ពិភពលោក ដោយត្រង់ទ្បើងវិញ ដូចសម័យចក្រភពអង្គរដ៏រុងរឿងនៃយើង។ ហេតុនេះ បើបុគ្គលខ្មែរណាមានគំនិតប្រឆាំងនឹងព្រែកជីកហ៊្វូណនតេជោ ដែលជាមរតកទ្រព្យសម្បត្ដិជាតិ និងប្រជាជនដ៏មហាសាលពុំអាចកាត់ថ្លៃបាននេះ គឺបុគ្គលនោះពុំគួរកើតជាខ្មែរទៀតទេ៕