(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំកំពូលៗ និងគណបក្សប្រជាជនកម្ពុជាទាំងមូល ជាកម្លាំងស្នូលនិងជាបង្អែកដ៏កក់ក្តៅនិងរឹងមាំរបស់ប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

លោក នេត្រ ភក្ត្រា ថ្លែងនេះក្នុងឱកាសចូលរួមជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន នៅវិមាន ៧ មករា រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន ការធ្វើបច្ចុប្បន្នភាពនៃសមាជិកបក្ស ការប្រកាសសេចក្តីសម្រេចស្តពីការទទួលស្គាល់ក្រុមការងារយុវជនបក្សក្រសួងព័ត៌មាន ដោយមានការចូលរួមពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មានសរុបជាង៦០០នាក់។

លោក នេត្រ ភក្ដ្រា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រនៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោឱ្យសម្រេចបាន នាពេលអនាគត។ ឯកឧត្តមបានគូសបញ្ជាក់គាំទ្រប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចធិបតី អំពីសារៈសំខាន់នៃព្រែកជីកហ្វូណនតេជោនេះដែលជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចនិងសង្គមនៅកម្ពុជា។

ក្នុងឱកាសនោះ លោក នេត្រ ភក្ត្រា បានធ្វើបាឋកថាតម្រង់ទិសលើការពង្រឹងនិងបង្កើនប្រសិទ្ធភាពការងារគណៈកម្មាធិការគណបក្សក្រសួងព័ត៌មាន ព្រមទាំងបានលើកឡើងពីដំណើរកម្ពុជាក្នុងរយៈពេល១០០ឆ្នាំចុងក្រោយ ក្នុងប្រវត្តិសាស្ត្រចេញពីអាណានិគមបារាំង មកការទទួលបានឯករាជភាព និងការឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម អំពើប្រល័យពូជសាសន៍រហូតទទួលបាននូវសុខសន្តិភាពពេញលេញ ដោយការអនុវត្តនយោបាយឈ្នះឈ្នះដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់អង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម និងការកសាងជាតិឡើងវិញឱ្យរីកចម្រើន។

លោក នេត្រ ភក្ត្រា បានថ្លែងថា ការសប្បាយរីករាយរបស់ប្រជាជនកម្ពុជានៅថ្ងៃនេះ គឺពិតជាផ្តើមចេញពីជ័យជម្នះ ៧មករា បើគ្មានជ័យជម្នះ៧មករា គឺពិតជា មិនអាចមាន អ្វីៗដូចសព្វថ្ងៃនេះឡើយ។ ដូច្នេះសមាជិកទាំងអស់គ្នាជាសមាជិកសមាជិកាគណបក្សត្រូវការពារស្មារតី ៧ មករា និងការពារសុខសន្តិភាពដែលរកបានមកដោយពិបាកនេះ ទោះក្នុងតម្លៃណាក៏ដោយ៕