(ភ្នំពេញ)៖ សមាជិកព្រឹទ្ធសភា ៣រូប ដែលមកពីគណបក្សឆន្ទៈខ្មែរ តាមរយៈញត្តិរួមរបស់ព្រឹទ្ធសភា បានប្រកាសគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ហើយប្រកាសប្រឆាំងដាច់ខាតរាល់ចេតនាមិនល្អរបស់ទ្រុស្តមិត្ត ដែលប៉ុនប៉ងរារាំងការអភិវឌ្ឍ និងរីកចំរើនសេដ្ឋកិច្ចរបស់កម្ពុជា។

សមាជិកព្រឹទ្ធសភា៣រូបនោះ រួមមាន៖ លោកបណ្ឌិត សុខ ហាច, លោក គង់ មូនីកា និង លោក សេង ម៉ារឌី។ ពួកគេ បានចូលរួមចេញញត្តិរួមជាមួយនឹងសមាជិកព្រឹទ្ធសភាផ្សេងទៀត សរុប ៦១រូប ដើម្បីគាំទ្រ ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ

នៅក្នុងញត្តិរួមនោះបានលើកឡើងថា៖ «យើងខ្ញុំជាសមាជិក សមាជិកាព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងចំពោះ ការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា កំពុងបន្តស្នាដៃ និងជំរុញបន្ថែមការអភិវឌ្ឍគម្រោងព្រែកជីកនេះឱ្យសម្រេចបាន ជោគជ័យនាពេលអនាគត»

ញត្តិរបស់សមាជិកសមាជិកព្រឹទ្ធសភា បានបន្ថែមថា គម្រោងព្រែកជីកហ្វូណន-តេជោ ដែលត្រូវបានអនុម័តកាលពីឆ្នាំទៅមិញ បន្ទាប់ពីបានធ្វើការសិក្សា យ៉ាងហ្មត់ចត់អស់រយៈពេល២៦ខែមក គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ដែលនឹងបង្កើតបាននូវបណ្តាញ ដឹកជញ្ជូនតាមផ្លូវទឹកដែលតភ្ជាប់ពីទន្លេយើងទៅកាន់សមុទ្រក្នុងខេត្តកែប។ បន្ថែមពីលើការបង្កើនសមត្ថភាព ក្នុងការដឹកជញ្ជូននោះ ព្រែកជីកនឹងកាត់បន្ថយពេលវេលា ថវិកានិងនីតិវិធីសម្រាប់នាវាដឹកទំនិញចេញ-ចូល បង្កើតការងារ លើកកម្ពស់បន្ថែមវិស័យទេសចរណ៍ និងបង្កើនល្បឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ព្រែកជីកនេះ ក៏នឹងជួយរំដោះទឹកជំនន់នៅតាមខេត្តភាគនិរតី និងក៏ជាប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋជាច្រើនដែល ធ្វើកសិកម្ម និងវារីវប្បកម្ម ហើយកសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាមព្រែកជីកនេះកាន់តែងាយ ស្រួល បង្កើតឱ្យមានបណ្តាញដឹកជញ្ជូនប្រទាក់ក្រឡាគ្នាទាំងផ្លូវទឹក និងផ្លូវគោក។

សមាជិក សមាជិកាព្រឹទ្ធសភា ក៏សូមគាំទ្រយ៉ាងមុតមាំ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បន្តអភិវឌ្ឍគម្រោងព្រែកជីក ហ្វូណន-តេជោនេះ ឱ្យបានជោគជ័យ ទាំងសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចសង្គមផង ទាំងសម្រាប់ការធានា ឯករាជ្យ និងអធិបតេយ្យជាតិផង។

សមាជិកព្រឹទ្ធសភាទាំង៣រូប ក៏ចូលរួមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមគាំទ្រ ប្រកបដោយឆន្ទៈ និងស្មារតីមោះមុតក្នុងការរួមចំណែកដល់ភាពរុងរឿងនៃមាតុភូមិកម្ពុជាព្រមទាំងប្រកាសប្រឆាំងដាច់ខាតរាល់ចេតនាមិនល្អរបស់ទ្រុស្តមិត្តទាំងឡាយ ដែលប៉ុនប៉ងរារាំងការអភិវឌ្ឍ និងរីកចំរើនសេដ្ឋកិច្ចរបស់កម្ពុជា៕