(សៀមរាប)៖ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ដើម្បីពិនិត្យវឌ្ឍនភាពកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខព្រំដែនប្រទេសទាំងពីរ និងបន្តរៀបចំយន្តការទាក់ទងទៅនឹងរបៀបរបបការងាររបស់គណៈកម្មការ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ មន្រ្តីយោធាជាន់ខ្ពស់កម្ពុជា-ឡាវ បានប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព នៅតាមព្រំដែនប្រទេសទាំងពីរ ឱ្យមានសន្តិសុខដល់ប្រជាជនទាំងពីរ។

លោកឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនឡាវ-កម្ពុជា បានថ្លែងថា កិច្ចប្រជុំលើកទី២ បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រពៃពោពេញទៅដោយមេត្រីភាព ការយល់ចិត្តគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅបំផុត ព្រមទាំងបានរួមគ្នាពិភាក្សាគ្នាលើបញ្ហាជាច្រើន យ៉ាងត្រង់ទៅត្រង់មក ពោពេញការយល់ចិត្ត ដោយគ្រប់ចំណុច និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

លោកឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស បានវាយតម្លៃខ្ពស់ភាពជោគជ័យនៃកិច្ចប្រជុំ ដែលជាមូលដ្ឋានគ្រឹះដឹកនាំគណៈកម្មការភាគីទាំងពីរ ក៏ដូចជាខាងថ្នាក់មូលដ្ឋានដែលមានព្រំដែនរួមគ្នារបស់ភាគីទាំងពីរ បានយកទៅអនុវត្តឱ្យចេញជារូបរាងពិតប្រាកដ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិល្អ រវាងកងទ័ព ប្រជាជន នៃប្រទេសទាំងពីរ ឡាវ-កម្ពុជា កម្ពុជា-ឡាវ ឱ្យស្ថិតស្ថេរចីរកាល ថែមទាំងបង្កើតជាផលប្រយោជន៍ខ្ពស់ និងនាំយកសន្តិសុខ យ៉ាង ពិតប្រាកដជូនដល់ប្រជាជន កងទ័ព ប្រទេសទាំងពីរ នៅបរិវេណព្រំដែនរួមនៃប្រទេសទាំងពីរ។

លោកឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស បានបញ្ជាក់ថា សម្រាប់យន្តការកិច្ចសហប្រត្តិ រវាងកងពលថ្មើរជើង ៥. តំបន់ប្រតិបត្តិសឹករងខេត្តចាំប៉ាសាក់ និងខេត្តអត្ថពើ របស់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ជាមួយកងពលតូចលេខ ៩, ខេត្តព្រះវិហារ ស្ទឹងត្រែង និងរតនគីរី សូមបន្តរទំនាក់ទំនងគ្នា តាមភាគីទាំងពីរបានឯកភាពគ្នាលើកំណត់ហេតុ ហើយលោកជឿជាក់ថា ភាគីទាំងពីរនឹងនាំយកខ្លឹមសារដែលមានស្រាប់ក្នុងកំណត់ហេតុរបស់គណៈកម្មការ (JBC) ឡាវ-កម្ពុជា កម្ពុជា-ឡាវ លើកនេះនាំទៅចាត់តាំងអនុវត្តដើម្បីឱ្យសមស្របជាមួយមូលដ្ឋានរបស់ភាគីទាំងពីរ។

នាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ បានលើកឡើងថា ការជួបប្រាស្រ័យការងារលើកនេះបានធ្វើឱ្យគណៈកម្មការទាំងពីរបានកាន់តែស្គាល់គ្នា បង្កើនភាពស្និទ្ធស្នាលថែមមួយកម្រិតទៀត ជាពិសេសបានពិភាក្សាគ្នាលើការងារសន្តិសុខតាមបណ្តោយព្រំដែនប្រកបដោយសាមគ្គីភាព មិត្តភាព ដែលទាំងអស់នេះកាន់តែធ្វើឱ្យព្រំដែននៃប្រទេសទាំងពីរមានសុខសន្តិភាព មិត្តភាព សហការ និងការអភិវឌ្ឍ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានវាយតម្លៃថា កិច្ចប្រជុំរវាងគណៈកម្មការទាំងពីរមានសារៈសំខាន់ណាស់ ហើយក៏ជាត្រីវិស័យសម្រាប់តម្រង់ទិសក្នុងការឈានទៅរកគោលដៅជាយុទ្ធសាស្ត្ររួមគ្នា រវាងកម្ពុជា-ឡាវ និងដើម្បីបន្តអនុវត្តយន្តការដែលមានស្រាប់ក្នុងគោលបំណងលើកកម្ពស់របៀបរបបធ្វើការជាមួយគ្នាដោយស្មារតីទទួលខុសត្រូវខ្ពស់។

ដើម្បីឱ្យគណៈកម្មការទាំងពីរមានទំនាក់ទំនងការងារជាមួយគ្នាកាន់តែប្រសើរឡើងបន្តទៀត នឹងអាចសម្រេចបានគ្រប់ភារកិច្ច នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សំណូមពរមួយចំនួនដូចខាងក្រោម៖

*ទី១៖ ភាគីទាំងពីរបន្ត និងពង្រឹងទំនាក់ទំនងការងារទៅវិញទៅមក ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងទំនាក់ទំនងគ្នាជាបងប្អូន និងអ្នកជិតខាងល្អ។
*ទី២៖ បន្ត និងជំរុញឱ្យកងទ័ពប្រទេសយើងទាំងពីរដែលឈរជើងតាមបណ្តោយព្រំដែនប្រាស្រ័យទាក់ទងជាមួយគ្នា និងសហការដោះស្រាយ សម្របសម្រួលរាល់បញ្ហាកើតឡើងដោយសន្តិវិធី និងទប់ស្កាត់ឱ្យបានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ។
*ទី៣៖ បន្តលើកកម្ពស់ការកសាងទំនុកចិត្ត និងការជឿជាក់គ្នា ថែរក្សាមិត្តភាព និងសាមគ្គីភាពជាប្រពៃណី សំដៅកសាងព្រំដែនប្រទេសយើងទាំងពីរឱ្យក្លាយជាព្រំដែនសុខសន្តិភាពជារៀងរហូត៕