(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ដែលមានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ជាសេនាធិការដ៏សំខាន់ បាននាំសិក្ខាកាមដែលទទួលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ពីកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) មកពីខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ឱ្យចូលរួមប្រកួតជំនាញ «ឆុងកាហ្វេឡាតេ» និងជំនាញសេវាកម្ម «ស្រានិងភេសជ្ជៈ» ក្នុងឱកាសទិវាជំនាញ ហូកា ឆ្នាំ២០២៤ បង្កើឱ្យមានបរិយាកាសទាក់ទាញ និងផ្ដល់បទពិសោធន៍ល្អៗដល់អ្នកចូលរួម។

គួរបញ្ជាក់ថា ទិវាជំនាញ ហូកា ឆ្នាំ២០២៤ ត្រូវបានធ្វើឡើងឡើងនៅសណ្ឋាគារសុខាភ្នំពេញ ពេញមួយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដែលជាវេទិកាចែករំលែកបទពិសោធន៍ និងទស្សនទានល្អៗលើការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ សំដៅជំរុញអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងផលិតភាពការងារខ្ពស់ ជាពិសេសយុទ្ធសាស្ត្របណ្តុះបណ្តាលយុវជនចំនួន១.៥លាននាក់។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានបញ្ជាក់ថា វេទិកាជំនាញ ហូកា ឆ្នាំ២០២៤នេះ មានភាពខុសប្លែកពីឆ្នាំមុន ដោយក្នុងក្រុមការងារបានរៀបចំកម្មវិធីប្រកួតជំនាញចាក់ឡាតេ និងជំនាញសេវាកម្មស្រាទំពាំងបាយជូរ សំដៅលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជនកម្ពុជា ពិសេសអ្នកជំនាញដែលបានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញ ហូកា នៅតាមខេត្តគោលដៅគម្រោង ហើយអង្គពិធីទាំងមូលនឹងបានទស្សនាកម្មវិធីប្រកួតជំនាញខាងលើនៅពេលសម្រាកអាហារសម្រន់នាពេលបន្តិចទៀតនេះ។

កម្មវិធីប្រកួតជំនាញនេះដែរ គឺគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ទទួលបានកិច្ចសហការជាមួយក្រុមហ៊ុន Gourmet Beverage Solutions Co., Ltd (GBS) ក្រុមហ៊ុន Booloom Booloom និងក្រុមហ៊ុន Kirisu Farm ដែលបានឧបត្ថម្ភគាំទ្រក្នុងទម្រង់ In-Kind Contribution ដើម្បីឲ្យដំណើរកម្មវិធីប្រកួតជំនាញបានដោយរលូន និងប្រកបដោយផ្លែផ្កា។

ពាក់ព័ន្ធនឹងការប្រកួតបម្រើសេវាកម្មស្រានិងភេសជ្ជៈ លោក ដាម ឌីចន តំណាងក្រុមហ៊ុនស្រា Booloom Booloom ដែលជាដៃគូសហការរៀបចំការប្រកួតវិញ្ញាសា «បម្រើសេវាកម្មស្រានិងភេសជ្ជៈ» បានឱ្យដឹងថា ការប្រកួតនេះគឺមានបេក្ខជន-បេក្ខនារីចូលរួម១៦នាក់ ដែលសុទ្ធតែជាសិក្ខាកាម និងគ្រូបង្គោល ហូកា មកពីបណ្ដាខេត្តគោលដៅទាំង១០។ គណៈកម្មការបានរៀបចំជាវគ្គជម្រុះយកអ្នកមានពិន្ទុខ្ពស់ជាងគេ២នាក់ ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជ័យលាភីលេខ១។ ចំពោះការផ្ដល់ពិន្ទុដល់បេក្ខជន-បេក្ខនារីនីមួយៗ គឺផ្ដោតលើលក្ខខណ្ឌសំខាន់ៗ៥ចំណុច៖ ទី១.គឺមើលទៅលើការត្រៀមលក្ខណៈ អនាម័យ ឯកសណ្ឋាន ការតុបតែង ថាតើសមសួនជាអ្នកបម្រើសេវាកម្មស្រាឬក៏អត់? ខ្វះខាតត្រង់ណា?, ទី២.មើលទៅលើការរៀបចំសម្ភារប្រើប្រាស់ក្នុងការបម្រើសេវាកម្មស្រានេះ ថាតើរបស់របរប្រើប្រាស់ក្នុងការបម្រើសេវាកម្មស្រាជូនភ្ញៀវគ្រប់គ្រាន់ឬក៏អត់ មានការភ្លាំងភ្លាត់ត្រង់ណា?, ទី៣.មើលទៅលើការណែនាំពីស្រាទៅកាន់ភ្ញៀវ ការចាក់ស្រាជូនភ្ញៀវ បដិសណ្ឋារកិច្ចទាំងមុននិងក្រោយពេលចាក់ស្រា, ទី៤.មើលទៅលើការសួរ-ឆ្លើយពីចំណេះដឹងទូទៅអំពីស្រា សារធាតុផ្សំ ប្រភពស្រា ឆ្នាំផលិត ប្រភេទស្រាផ្សេងៗ, និងទី៥.មើលទៅលើរយៈពេល ភាពវៃឆ្លាត រហ័សរហួនរបស់បេក្ខជនប្រកួតនីមួយៗ។

តាមការយល់ឃើញរបស់លោក ដាម ឌីចន ជំនាញបម្រើសេវាកម្មស្រានិងភេសជ្ជៈនេះ គឺទាមទារឱ្យមានជំនាញច្បាស់លាស់ និងចំណេះដឹងអំពីស្រានិងភេសជ្ជៈច្រើន ដើម្បីបម្រើសេវាកម្មជូនភ្ញៀវឱ្យបានត្រឹមត្រូវ ពិសេសជំនាញនេះក៏ជាផ្នែកមួយនៃការទាក់ទាញភ្ញៀវទេសចរផងដែរ។

គួរជម្រាបថា បន្ទាប់ពីឆ្លងកាត់ការប្រកួតជិត១ថ្ងៃរួមមក ជ័យលាភីលេខ១គឺបានទៅលើបេក្ខជន ម៉េង សុភក្ត្រា មកពីខេត្តបាត់ដំបង ជាមួយនឹងការទទួលបានពានកិត្តិយស១ បណ្ណសរសើរ១ និងរង្វាន់លើកទឹកចិត្តមួយចំនួនទៀត។

ចំពោះការប្រកួតឆុងកាហ្វេវិញ អ្នកនាង គ្រុយ ស្រីនាង ជាគ្រូបង្គោលនិងជាតំណាងក្រុមហ៊ុនកាហ្វេ GBS ដែលជាដៃគូសហការរៀបចំការប្រកួតវិញ្ញាសា «ឆុងកាហ្វេឡាតេ» បានឱ្យដឹងថា ការប្រកួតនេះគឺមានបេក្ខជនចូលរួមសរុប៨នាក់ ដែលសុទ្ធតែជាសិក្ខាកាមបានរៀនជំនាញ ហូកា មកពីបណ្ដាខេត្តមួយចំនួន ដូចជា ព្រះវិហារ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរីជាដើម។ ដូចទៅនឹងវិញ្ញាសាបម្រើសេវាកម្មស្រានិងភេសជ្ជៈដែរ គឺគណៈកម្មការវិញ្ញាសាឆុងកាហ្វេឡាតេបានរៀបចំជាវគ្គជម្រុះយកអ្នកមានពិន្ទុខ្ពស់ជាងគេ២នាក់ ដើម្បីឈានទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមជ័យលាភីលេខ១។

ជ័យលាភីលេខ១នៃការប្រកួតវិញ្ញាសាឆុងកាហ្វេឡាតេនេះ គឺបានទៅលើបេក្ខជន ពៅ ហឿ មកពីខេត្តស្ទឹងត្រែង ជាមួយនឹងការទទួលបានពានកិត្តិយស១ បណ្ណសរសើរ១ ព្រមទាំងរង្វាន់លើកទឹកចិត្តមួយចំនួនទៀត។

ម្ចាស់ពាន ពៅ ហឿ បានឱ្យដឹងថា លោកមានបទពិសោធន៍ក្នុងជំនាញឆុងកាហ្វេនេះ៤ឆ្នាំមកហើយ និងធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាលពីកម្មវិធីជំនាញ ហូកា យ៉ាងតិច៣វគ្គមកហើយដែរ។ ជាមួយនឹងអារម្មណ៍រំភើបរីករាយនឹងជ័យលាភីនេះ ពៅ ហឿ នឹងដកស្រង់បទពិសោធន៍នៃការប្រកួតនាពេលនេះ ដើម្បីអភិវឌ្ឍជំនាញរបស់ខ្លួនឱ្យកាន់តែល្អបន្ថែមទៀត និងបណ្ដុះភាពក្លាហានក្នុងការប្រកួតនៅក្នុងកម្មវិធីក្រោយៗទៀត។

សូមជម្រាបដែរថា នាឱកាសបិទទិវាជំនាញ ហូកា ឆ្នាំ២០២៤ លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ តំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានផ្ដល់កិត្តយសប្រគល់ពានជ័យលាភី បណ្ណសរសើរ និងរង្វាន់មួយចំនួនជូនដល់ម្ចាស់ជ័យលាភីទាំង២នាក់ខាងលើផងដែរ។ លោក ទិត ចន្ថា បានកោតសរសើរចំពោះទិវាជំនាញ ហូកា ២០២៤ ក៏ដូចជាការរៀបចំកម្មវិធីប្រកួតទាំងនេះ ការតាំងបង្ហាញសម្ភារៈ បរិក្ខារ ផលិតផល ក៏ដូចជាការបង្ហាញពីសមត្ថភាពរបស់បុគ្គលិកជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលទទួលបានការបណ្ដុះបណ្ដាលពីកម្មវិធីជំនាញ ហូកា។ ទាំងនេះសុទ្ធសឹងជាសមិទ្ធផលដែលកើតចេញពីការខិតខំអនុវត្តតាំងពីដំណាក់កាលចាប់ផ្ដើមដំបូងនាឆ្នាំ២០១៣៕