(ភ្នំពេញ)៖ រដ្ឋបាលសាលាខណ្ឌឬស្សីកែវ បានចេញមកបំភ្លឺ និងច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយ គ្មានមូលដ្ឋានតាមបណ្តាញសង្គមទាំង Facebook និង​ TikTok ដែលបានចោទប្រកាន់ពាក់ព័ន្ធដីចំណីព្រែកអូរវែង ដែលធ្វើឲ្យមានការភ័ន្តច្រឡំដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទៅ។

តាមការបញ្ជាក់របស់រដ្ឋបាលខណ្ឌឬស្សីកែវ ក្រោមការដឹកនាំរបស់លោក ជិន ប៊ុនធឿន ជាអភិបាលខណ្ឌ, ទីតាំងដីព្រែកអូរវែងក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ពិសេសទីតាំងដីទល់មុខសំណង់ផ្ទះល្វែង សម្បត្តិមាស ស្ថិតនៅ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវដែលហ៊ុំព័ទ្ធរបងស័ង្កសីនោះ គឺដីស្ថិតក្នុងប្លង់ហេដ្ឋារចនាសម្ព័ន្ធតំបន់អភិវឌ្ឍន៍ព្រែកអូរវែងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌឬស្សីកែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលសាលាខណ្ឌ ពិតជាមានការសោកស្តាយជាខ្លាំង ចំពោះការផ្សព្វផ្សាយលើ បណ្តាញសង្គមពីបុគ្គលមួយចំនួន ដែលជាព័ត៌មានមិនពិត មិនមានតុល្យភាព ប្រើប្រាស់ប្រភពព័ត៌មានតែម្ខាង ក្នុងន័យធ្វើឲ្យសាធារណៈមតិមានការភ័ន្តច្រឡំលើមន្ត្រីរបស់រដ្ឋបាលខណ្ឌឫស្សីកែវ។

ជុំវិញបញ្ហានេះ រដ្ឋបាលខណ្ឌ សូមបញ្ជាក់ជូនថា «ទីតាំងដីព្រែកអូរវែងក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ពិសេសទីតាំងដីទល់មុខសំណង់ផ្ទះល្វែង សម្បត្តិមាស ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ដែលហ៊ុំព័ទ្ធរបងស័ង្កសីនោះ ដីស្ថិតក្នុងប្លង់ ហេដ្ឋារចនាសម្ព័ន្ធតំបន់អភិវឌ្ឍន៍ព្រែកអូរវែង របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានលើកស្លាកប៉ាណូផ្សព្វផ្សាយជាសាធារណៈអំពីប្លង់សាងសង់ហេដ្ឋារចនាសម្ព័ន្ធព្រែកអូរវែង នៅត្រង់ចំណុចស្ពានបេតុង ក្រោយវត្តទួលសន្តិវ័ន្ត (ហៅវត្តទួលអស់លោក)»

រដ្ឋបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ទៀតថា «ចាប់តាំងពីឆ្នាំ២០២២ រហូតដល់ពេលបច្ចុប្បន្ន ទីតាំងដីនេះត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដោះស្រាយគោលនយោបាយដីធ្លីជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ពីការ ស្ថាបនាផ្លូវបេតុងថ្មីលើអតីតផ្លូវរថភ្លើង។ ប្រជាពលរដ្ឋរងផលប៉ះពាល់ការស្ថាបនាផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្វាយប៉ាក និងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍន៍ផ្សេងៗទៀត ក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ ហើយសំណង់លំនៅដ្ឋានដែលកំពុងសាងសង់ក្នុងដីខាងមុខសំណង់ផ្ទះល្វែងសម្បត្តិមាស គឺជាសំណង់របស់ប្រជាពលរដ្ឋដែលបានទទួលគោលនយោបាយពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីមានលំនៅដ្ឋានរស់នៅសមរម្យ»