(ស្វាយរៀង)៖ លោកសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមប្រកាសបើកដំណើរការជាផ្លូវការ ជំនាញផែនដីវិទ្យាសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យស្វាយរៀង។

ពិធីនេះ មានអ្នកចូលរួម១៥០នាក់ រួមមាន សាកលវិទ្យាធិការរង ថ្នាក់ដឹកនាំមហាវិទ្យាល័យ ការិយាល័យនៃសាកលវិទ្យាល័យស្វាយរៀង តំណាងមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អគ្គនាយកដ្ឋានវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នាយកដ្ឋានអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ទីរពាក់ព័ន្ធ តំណាងពីសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ តំណាងពីសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ តំណាងពីកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងអតីតនិស្សិត។

លោកសាស្ត្រាចារ្យ ទុំ សារាវុធ បានថ្លែងអំណរគុណដល់ដៃគូ និងអ្នកពាក់ព័ន្ធដែលបានបង្ហាញការគាំទ្រសង្គមពុទ្ធិ កិច្ចសហការ និងការប្តេជ្ញាចិត្តការពារសហគមន៍ ពីគ្រោះមហន្តរាយ តាមរយៈការចូលរួមកម្មវិធីនេះ។ លោកបានគូសបញ្ជាក់ថា ជំហានដែលយើងចាត់វិធានការឆ្ពោះទៅរកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាជំហានឆ្ពោះទៅកាន់ពិភពលោក ដែលមានសុវត្ថិភាព និងនិរន្តរភាពជាងមុន។

លោកបានបន្ថែមទៀតថា បម្រែបម្រួលអាកាសធាតុ នគរូបនីយកម្ម និងកំណើនប្រជាជន គឺជាកត្តាដែលធ្វើឲ្យគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ ហើយម្នាក់ៗមានទំនួលខុសត្រូវក្នុងការកាត់បន្ថយ ការសម្របខ្លួន និងការបង្កើនភាពធន់ផងដែរ។ សូមបញ្ជាក់ថា ការចុះឈ្មោះចូលរៀនកម្រិតបរិញ្ញបត្រជាន់ខ្ពស់ ជំនាញផែនដីវិទ្យា សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ មាននិស្សិតចំនួន១៥នាក់ បានចុះឈ្មោះចូលរៀនជំនាញនេះ៕