(កំពង់ចាម)៖ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានពាក់នឹងចំណាត់ការសកម្មជនគណបក្សភ្លើងទៀនលើករណីក្លែងបន្លំឯកសារជាសាធារណៈ និងប្រើប្រាស់លិខិតក្លែងនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម។

អ្នកនាំពាក្យនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានឱ្យថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឈ្មោះ ញ៉ែម សុខជា ភេទប្រុស អាយុ៦១ឆ្នាំ និងឈ្មោះ ហៀក លាងសេង អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិបឹងកុកទី៣ ឃុំបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានដាក់ពាក្យបណ្ដឹងមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយចោទប្រកាន់ថាឈ្មោះ គង់ ថាវ៉េត ភេទប្រុស កើតថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៦៥ បានក្លែងស្នាមមេដៃរបស់ខ្លួនទាំងពីរនាក់ និងដាក់ឈ្មោះរបស់ខ្លួនឈរជាបេក្ខជនបម្រុង លេខរៀងទី១១ និងលេខរៀងទី១៣ បោះឆ្នោតក្រុមប្រឹក្សាក្រុងកំពង់ចាម សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤។

ក្រោយពីបញ្ចប់ការស្រាវជ្រាវ និងស៊ើបអង្កេត មន្ត្រីនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឈានដល់ការឃាត់ខ្លួន ឈ្មោះ គង់ ថារ៉េត ភេទប្រុស មានតម្រុយពាក់ព័ន្ធនឹងបទ ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តកាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តកំពង់ចាម។

បន្ទាប់ពីបានសាកសួរជនសង្ស័យ រួមនឹងទទួលបានចម្លើយសារភាពក្នុងអង្គហេតុប្រើប្រាស់ឈ្មោះក្លែង និងបានពិនិត្យលើឯកសារភស្តុតាងពាក់ព័ន្ធ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យពីបទ «ប្រើប្រាស់លិខិតក្លែង, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែងផ្តល់សេចក្តីប្រកាសដោយភូតកុហក» ប្រព្រឹត្តនៅខេត្តកំពង់ចាម តាមបញ្ញត្តិមាត្រា ៦២៨, មាត្រា ៦២៩, មាត្រា៦៣០ និងមាត្រា៦៣៣ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ក្រោយពីទទួលបានសំណុំរឿង, ស្តាប់ចម្លើយជនត្រូវចោទ និងពិនិត្យឯកសារភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ក៏សូមគូសបញ្ជាក់បន្ថែមថាសំណុំរឿងខាងលើ គឺជាអង្គហេតុនៃបទល្មើសព្រហ្មទណ្ឌសុទ្ធសាធដូចមានចែងក្នុងបញ្ញត្តិមាត្រា ៦២៨, មាត្រា ៦២៩, មាត្រា៦៣០ និងមាត្រា៦៣៣ នៃក្រមព្រហ្មទណ្ឌ៕