(ភ្នំពេញ)៖ លោឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ អមដំណើរដោយ មេបញ្ជាការរង នាយសេនាធិកា នាយសេនាធិការង ប្រធានមន្ទីរទាំង០៧ និងមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០៤នេះ បានឆ្លៀតពេលចុះទៅត្រួតពិនិត្យអគាររដ្ឋបាលមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ដែលបាននឹងកំពុងសាងសង់ថ្មីជិតរួចរាល់ ដើម្បីត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ 

ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអភិវឌ្ឍន៍ជាលំដាប់ ចាប់តាំងពីទីបញ្ជាការ រហូតទៅដល់មូលដ្ឋានអាវុធហត្ថខណ្ឌ ជាបន្តបន្ទាប់ដោយឈរលើគោលការណ៍អភិវឌ្ឍន៍ទាន់សម័យ តាមគំរូឯកភាពគ្នា ប្រកបដោយប្រណិតភាព គុណភាព តាមការរីកចម្រើនរបស់ប្រទេសជាតិ និងស្របតាមទស្សនដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាលលោកនាយឧត្តមសេនីយ៍ តែងតែណែនាំដល់មេបញ្ជាការអាវុធហត្ថគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ កសាងហេដ្ឋារចនាសម្ពន្ធ សាងសង់អាគារជំរំជម្រក បន្ទាយស្នាក់នៅ ពីថ្នាក់ជាតិរហូតដល់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ផងដែរ៕