(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានបន្តផ្ដល់ជូនទឹកដោះគោស្រស់ តេជោសែន ប្ញស្សីត្រឹបចំនួន ១២៤លីត្រ ដល់មណ្ឌលកុមារកំព្រាពិការ «បុរីទារក និង កុមារជាតិ»

មណ្ឌលកុមារកំព្រាពិការ «បុរីទារក និង កុមារជាតិ» មានទីតាំងស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយក្នុងនោះមានទាំងក្មេងកំព្រា និងខ្លះទៀតជាក្មេងមានពិការភាពខ្លះទៀត ពិការភាពពីកំណើត ដោយសារតែបាត់បង់ឪពុកម្ដាយ ឬត្រូវបានឪពុកម្ដាយបោះបង់ចោលតាំងពីតូច។

សូមជម្រាបថា ទឹកដោះគោស្រស់ខ្មែរកើតចេញពីការប្រឹងប្រែងស្រាវជ្រាវ និងជម្នះឧបសគ្គជាច្រើនរបស់រាជបណ្ឌិត្យសភាកម្ពុជា បានចែកចាយនៅលើទីផ្សារ កាលពីអំឡុងខែតុលា ឆ្នាំ២០១៩។ បច្ចុប្បន្នទឹកដោះគោស្រស់នេះ កំពុងចែកចាយនៅតាមផ្សារទំនើបមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយក៏មានការដឹកជញ្ជូនតាមការបញ្ជាទិញ និងចែកចាយទៅតាមបណ្តាខេត្តផងដែរ។

ទឹកដោះគោតេជោសែនឬស្សីត្រឹប ត្រូវបានដាក់លក់ជាមួយនឹងការរំលេចនូវពាក្យស្លោកថា «ទឹកដោះគោយើង ផលិតផលជាតិយើង»។ ពាក្យស្លោក បានបង្ហាញពីមោទនភាពចំពោះទឹកដោះគោដែលផលិតដោយដៃខ្មែរជាលើកដំបូងនេះ៕