(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ ដែលស្ថិតក្នុងចំណោមធនាគារពាណិជ្ជធំៗនៅកម្ពុជា បានឧបត្ថម្ភថវិកាចំនួន 100 លានរៀល ជូនចំពោះកាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីអបអរសាទរខួបលើក 161 ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី 8 ខែឧសភា ឆ្នាំ 2024 ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «យើងខ្ញុំពិតជាមានកិត្តិយសដែលបានរួមចំណែកក្នុងកិច្ចការសប្បុរសធម៌ដ៏មានសារៈសំខាន់របស់កាកបាទក្រហមកម្ពុជា។ ការបរិច្ចាគនេះបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមោះមុតក្នុងការគាំទ្រសហគមន៍»

ធនាគារ ខេប៊ីប្រាសាក់ តែងតែបានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងសកម្មភាពសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃជូនសហគមន៍។ ធនាគារក៏បានចូលរួមសកម្មសង្គមជាច្រើនដូចជា ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 សាងសង់អគារបណ្ណាល័យនិងសាលារៀន ចូលរួមឧបត្ថម្ភដល់សិស្សពូកែ ឧបត្ថម្ភទិវាអំណានជាតិ ឧបត្ថម្ភកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ យុទ្ធនាការ «ខ្ញុំស្រលាញ់ប្រាក់រៀល» និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អតិថិជនផងដែរ។

ការឧបត្ថម្ភថវិកានេះ បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ធនាគារខេប៊ីប្រាសាក់ ក្នុងការគាំទ្រដល់សកម្មភាពសង្គមរបស់កាកបាទក្រហមកម្ពុជា។ ខេប៊ីប្រាសាក់សង្ឃឹមថា ការបរិច្ចាគថវិកានាពេលនេះ នឹងចូលរួមចំណែកក្នុងការគាំទ្រកាកបាទក្រហមកម្ពុជាកាន់តែមានលទ្ធភាពទូលំទូលាយពង្រីកកម្មវិធីជួយដល់ជនងាយរងគ្រោះបន្ថែមទៀត។