(ភ្នំពេញ)៖ លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាហៅកាត់ថា NACC បានលើកឡើងថា ដើម្បីឱ្យសហគ្រាសមួយក្លាយជាសហគមន៍សុខសាន្ត គឺទាមទារឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធចំនួន៤សំខាន់រួមមាន៖ ផ្នែកនិយោជក កម្មករ សហជីព រាជរដ្ឋាភិបាល។

ក្នុងពិធីជួបជុំអាហារសាមគ្គីក្រោមការឧបត្ថម្ភគាំទ្រពី លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ លោក សួង ហួត បានថ្លែងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញប្រកាសកំណត់អំពីគោលការណ៍នៃការប្រឡងប្រណាំងដណ្តើមពានរង្វាន់ សហគ្រាសមួយជាសហគមន៍សុខសាន្ត ប្រកាសនេះមានគោលបំណងចូល រួមលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ សំដៅបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ ពង្រឹងប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ពង្រឹងការអនុវត្តរបបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញ និងបង្កើនផលិតភាពការងារតាមរយៈការរៀបចំយុទ្ធនាការប្រឡងប្រណាំង សហគ្រាសមួយជាសហគមន៍សុខសាន្តមួយនៅទូទាំងប្រទេសក្នុងនោះប្រកាសរបស់ក្រសួងបានកំណត់ចេញនូវការអនុលោមភាពចំនួន៨ដូចខាងក្រោម៖

ទី១៖ អនុលោមភាពនៃលក្ខខណ្ឌការងារល្ អគឺសំដៅដល់សហគ្រាសដែលទទួលបានវិញ្ញាបនបត្របញ្ជាក់អនុលោមភាពលក្ខខណ្ឌការងារពីក្រសួងការងារមិនមានការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ

ទី២៖ អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង

ទី៣៖ អនុលោមភាពនៃទំនាក់ទំនងវិជ្ជាជីវៈសំដៅដល់សហគ្រាស ដែលមានយន្តការដោះស្រាយវិវាទការងារនៅថ្នាក់សហគ្រាស និងមានយន្តការកិច្ចសន្ទនាសង្គម។

ទី៤៖ អនុលោមភាព នៃលក្ខខណ្ឌស្ដីពីសុវត្ថិភាព និងសុខភាពការងារសំដៅដល់សហគ្រាស ដែលមិនមានគ្រោះថ្នាក់ការងារ និង មានស្នាដៃក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងការងារ

ទី៥៖ អនុលោមភាពនៃរបបសន្ដិសុខសង្គមសំដៅដល់សហគ្រាស ដែលអនុវត្តល្អនូវកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។

ទី៦៖ អនុលោមភាពនៃការប្រើប្រាស់កម្មករនិយោជិតជាជនពិការសំដៅដល់សហគ្រាស ដែលប្រើប្រាស់កម្មករនិយោជិតមានពិការភាពលើសពី៣ភាគរយនៃចំនួនកម្មករនិយោជិតសរុប

ទី៧៖ អនុលោមភាពនៃការអនុវត្តកម្មវិធីលើកកម្ពស់ផលិតភាពការងារសំដៅដល់សហគ្រាស ដែលអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ និងលើកកម្ពស់សមត្ថភាពរបស់កម្មករនិយោជិត

និងទី៨៖ អនុលោមភាពនៃការអនុវត្តកម្មវិធីទទួលខុសត្រូវសង្គមសំដៅដល់សហគ្រាស ដែលចូលរួមគាំទ្រក្នុងដំណើរការទារកដ្ឋាន និងមត្តេយ្យសហគមន៍ មានកម្មវិធីការងារបៃតង និងលើកទឹកចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំងចូលរួមការងារសង្គមផ្សេងៗ។

លោក សួង ហួត បានបញ្ជាក់ថា សហគ្រាសមួយជាសហគមន៍សុខសាន្តមួយអាចធ្វើទៅបានលុះត្រាតែ មានភាគីពាក់ព័ន្ធសំខាន់មួយចំនួន រួមមានភាគី និយោជក ភាគីកម្មករ និយោជិត ភាគីរដ្ឋាភិបាលនិងភាគីសហជីពដែលតំណាងឱ្យកម្មករ និយោជិត។ បើមានភាគីណាមួយមិនចូលរួមសហការល្អជាមួយគ្នានោះទេ សហគ្រាសនោះ និងមិនមានភាពសុខសាន្តទៅបានឡើយ។ សហជីព គឺជាតួអង្គដ៏សំខាន់មួយដែលមិនអាចខ្វះបានឡើយនៅក្នុងការរួមចំណែកបង្កើតឱ្យមានសហគមន៍សុខសាន្ត៕