(ភ្នំពេញ)៖ លោក វ៉ាយ សន្យា អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ប្រចាំរដ្ឋណតខាឡៃណា សហរដ្ឋអាមេរិក បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយភ្ញាក់ខ្លួន និងឃើញជាក់ស្ដែងនូវការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។
តាមរយៈលិខិតគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែេមសា ឆ្នាំ២០២៤នេះ លោក វ៉ាយ សន្យា បានគូសបញ្ជាក់ថា «ពេលជាង១០ឆ្នាំកន្លងមក ខ្ញុំបាទបានបម្រើការងារជូនគណបក្សប្រឆាំង ព្រមទាំងធ្លាប់ជួយចាត់ចែងទទួលស្វាគមន៍ លោក សម រង្ស៉ី លោក កឹម សុខា ព្រមទាំងថ្នាក់ដឹកនាំ គណបក្សប្រឆាំងដ៏ទៃទៀត មកពីប្រទេសកម្ពុជា មកកាន់សហរដ្ឋអាមេរិក ក្នុងនោះខ្ញុំបាទបានលះបង់ទាំងពេលវេលា ទាំងមធ្យោបាយ ទាំងថវិកា ដើម្បីទ្រទ្រង់ដល់បក្សប្រឆាំងមកទល់សព្វនឹងថ្ងៃ។
ដោយសារតែមើលឃើញការអភិវឌ្ឍ និងការរីចម្រើនរបស់ប្រទេសជាតិ ខ្ញុំបាទសម្រេចចិត្តចូល រួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់មាន គោលនយោបាយច្បាស់លាស់វែងឆ្ងាយមានកម្លាំងនយោបាយរឹងមាំ ដើម្បីធានាការពារស្ថេរភាពនយោបាយ និងការពារសន្តិភាពជាតិ ដើម្បីជាមូលដ្ឋានបន្តអភិវឌ្ឍន៍សង្គមជាតិ ឲ្យបានរីកចម្រើនរុងរឿងទៅមុខ»។
សូមជម្រាបថា លោក វ៉ាយ សន្យា ជាថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិមួយដ៏សំខាន់ ហើយតែងតែរៀបចំទទួលស្វាគមន៍ លោក សម រង្សុី និងលោក កឹម សុខា ព្រមទាំងថ្នាក់ដឹកនាំរបស់បក្សប្រឆាំង ហើយលោក វ៉ាយ សន្យា តែងតែផ្តល់ថវិកា និងមធ្យោបាយ ធ្វើដំណើរដល់ថ្នាក់ដឹកនាំបក្សប្រឆាំងរាល់ពេលមកប្រជុំនៅរដ្ឋមួយនេះផងដែរ៕