(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា សមាជិក​គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការ​គណបក្ស​ក្រសួង​សាធារណការ និងដឹកជញ្ជូន បានអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមការងារយុវជនគណបក្ស គណៈកម្មាធិការគណបក្សមូលដ្ឋាន និងក្រុម​សកម្ម​ជនយុវជនគណបក្ស គណៈកម្មាធិការសាខាបក្ស សរុបទាំងអស់ប្រមាណ​៥០០នាក់។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ឃុត ចាន់ដារ៉ា សមាជិកគណៈអចិន្ត្រៃយ៍ និងជា​ប្រធានផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក លោកស្រី អនុប្រធាន និងសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង និង​លោកស្រី កុយ សុដានី ប្រធានក្រុមការងារយុវជនគណបក្សក្រសួងផងដែរ។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាពជាភាតរភាពប្រកបដោយភាពស្និទ្ធស្នាល និងទទួលបានអនុសាសន៍ណែនាំបន្ថែមពីថ្នាក់ដឹកនាំ​ជាឥស្សរជនជាន់ខ្ពស់​របស់គណៈកម្មាធិការគណបក្សក្រសួង និងយុវជនគណបក្សថ្នាក់កណ្តាលលើការពង្រឹង​សតិ​អារម្មណ៍ ស្មារតីការងារ និងការពង្រឹងការកសាងកម្លាំង ដើម្បីអនុវត្តការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព និង ឈានទៅសម្រេចបាននូវកម្មវិធីនយោបាយរបស់គណបក្ស​ប្រកប​ដោយភាពជោគជ័យ។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោកប្រធាន បានគូសបញ្ជាក់ពីសារសំខាន់​នៃតួ​នាទី​​យុវជនបក្សក្នុងការរួមចំណែកដល់ការកសាងគណបក្សឱ្យបានរឹងមាំ​ប្រកបដោយ​ប្រសិទ្ធភាព និងនិរន្តរភាព និងបានណែនាំបន្ថែមដល់ក្រុមការងារយុវជន​គណបក្ស​ក្រសួង ជាពិសេសយុវជនគណបក្សក្រសួងទាំងអស់ឱ្យមានសាមគ្គីភាពផ្ទៃក្នុង និងកិច្ច​សហ​ការគ្នា ដែលជាកត្តាជ័យជម្នះ ធ្វើគំរូលើការអនុវត្តច្បាប់ សកម្មភាព សាមគ្គីភាព ជីវភាពរស់នៅសាមញ្ញ។

បន្ថែមពីលើនេះ លោកប្រធាន បានណែនាំឱ្យយុវជនគណបក្សស្វែងយល់ពីតួនាទី និង​ភារកិច្ចរបស់ខ្លួន និងចូលរួមការងារចុះពង្រឹងមូលដ្ឋានឱ្យបាន​ជាប់លាប់តាមការ​ចាត់​តាំង ដើម្បីអនុវត្តកម្មវិធីនយោបាយគណបក្ស ផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រជាជន និង​ត្រូវរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងការអនុវត្តកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានបានផ្តាំផ្ញើដល់យុវជនគណបក្សក្រសួងទាំងអស់​ឱ្យ​បន្តខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីសម្រេចបាន​គោលដៅ​រួមបន្ថែមទៀតជូនគណបក្ស និងរាជរដ្ឋាភិបាល ដោយហេតុផល យុវជនជាកម្លាំង​ចលករ​មិនអាចខ្វះបានក្នុងការបន្តវេនសម្រាប់ធានាដល់ការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន និង​អនាគត៕