(ព្រៃវែង)៖ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត ស្ដើង សុខុម រដ្ឋលេខា​ធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ស្រុកកំចាយមារ បានអញ្ជើញជា​អធិបតី​ប្រកាសសមាសភាពសមាជិកក្រុមការងារចំនួន៧១៥នាក់ នៅស្រុកកំចាយមារ ខេត្ពព្រៃវែង។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ស្តើង សុខុម បានកោតសរសើរ និងលើកទឹកចិត្ត​ខ្ពស់​ចំពោះក្រុមការងារ ដែលបានខិតខំ សហការ សាមគ្គីរួមគ្នា ប្រកបដោយស្មារតីទទួល ខុស​ត្រូវខ្ពស់ យកអស់កម្លាំងកាយ ប្រាជ្ញាស្មារតី លះបង់ពេលវេលា និង ធនធាន​ផ្ទាល់​ខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេស និងចូលរួមដោះស្រាយបញ្ហានានា របស់ប្រជា​ពល​រដ្ឋនៅថ្នាក់មូលដ្ឋានកន្លងមក។

លោកបណ្ឌិតបានបញ្ជាក់អំពីគោលបំណង នៃការបង្កើតក្រុមការងាររាជរដ្ឋាភិបាលចុះ​ជួយ​មូលដ្ឋាន គឺដើម្បីសហការ និងជួយ សម្របសម្រួលការងាររបស់ក្រុមការងាររាជ​រដ្ឋា​ភិបាល​ចុះមូលដ្ឋានឃុំទាំង៨ នៅស្រុកកំចាយមារ ក៏ដូចជាអាជ្ញាធរ និងកងកម្លាំងមាន​សមត្ថកិច្ចនៅមូលដ្ឋាន ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសេវារដ្ឋ​បាល​នានា ក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលចេះតែកើនឡើង​ជា​លំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ និងចូលរួមគាំទ្រ ជំរុញការអនុវត្តកម្មវិធីនយោបាយយុទ្ធ​សាស្រ្ត​បញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ គោលនយោបាយ និងកម្មវិធីកំណែ ទម្រង់ នានារបស់រាជរដ្ឋាភិបាលឱ្យបានផុលផុសតាមមូលដ្ឋាន រួមគ្នាបន្តជំរុញការ​អភិវឌ្ឍ​ប្រទេសឱ្យឈានចូលដំណាក់កាលថ្មី សំដៅឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា​ឆ្នាំ​២០៥០។ ក្រុមការងារនេះមានគោលបំណងចូលរួមសហការដោះស្រាយកង្វល់ និង​បញ្ហា​ប្រឈមនៅមូលដ្ឋានឱ្យបានរហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់​ចំពោះប្រជា​ពលរដ្ឋ អនុលោមតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលស្តីពី តួនាទី ភារកិច្ច និងរបៀប​របបការងារ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

ស្របពេលដែលមហាជនខ្មែរទាំងក្នុង និងក្រៅប្រទេសកំពុងសម្ដែងការគាំទ្រយ៉ាងភ្លូក​ទឹក​ភ្លូកដីលើគម្រោងព្រែកជីកហ្វូណនតេជោ តំណាងឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូល​ដ្ឋាន​ជួយឃុំទាំង៨ ស្រុកកំចាយមារ លោកបណ្ឌិតប្រធានក្រុមការងារក៏បានប្រកាសជា​ឱឡារិក​គាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោផងដែរ ជាផលប្រយោជ​ន៍សេដ្ឋកិច្ច​សង្គម​ដ៏យូរអង្វែងរបស់កម្ពុជា។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោង​ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវ​ទឹករបស់កម្ពុជា ដែលមានគំនិត ផ្តួចផ្តើម ដ៏ឧត្តុង្គឧត្តម របស់សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណា​ចក្រ​កម្ពុជា ហើយបច្ចុប្បន្នគម្រោងដ៏វិសេសនេះ នឹងត្រូវអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»

ដោយសារតែបច្ចុប្បន្នពិភពលោក រួមទាំងប្រទេសកម្ពុជាកំពុងទទួលរងឥទ្ធិពល EL NINO បានធ្វើឱ្យអាកាលធាតុឡើងកម្ដៅយ៉ាងខ្លាំង លោកបណ្ឌិតបានស្នើសុំឱ្យ​ថ្នាក់​ដឹក​នាំ​ជាក្រុមការងាររាជរដ្ឋរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ថ្នាក់ជាពិសេសមន្ត្រីរាជការ​នៅមូល​ដ្ឋាន រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងស្រុកកំចាយមារ យកចិត្តទុកដាក់​ថែទាំ​សុខ​ភាពឱ្យបានល្អ ជាពិសេសកុមារ និងមនុស្សចាស់ ដែលងាយប្រឈមទៅនឹងផល​ប៉ះ​ពាល់ដោយបញ្ហាអាកាសធាតុប្រែប្រួលនេះ។

បន្ទាប់ពីពីសំណេះសំណាល លោកបណ្ឌិតប្រធានក្រុមការងារ និងក្រុមការងាររាជរដ្ឋា​ភិ​បាលបានរៀបចំអាហារ សាមគ្គីជូនសមាជិក សមាជិកាទាំងអស់ប្រកបដោយ​ភាពស្និទ្ធ​ស្នាល ព្រមទាំងបានឧបត្ថម្ភអង្ករចំនួន៨តោនដល់ឃុំទាំង៨ ដេីម្បីធ្វេីសកម្មភាពមនុស្ស​ធម៌នៅទូទាំងស្រុកកំចាយមារផងដែរ៕