(ត្បូងឃ្មុំ)៖ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា នៅពេលដែលយើងមានភាពស្អាតចេញពីចិត្ត ហើយបរិស្ថានជុំវិញយើង រួមានបរិស្ថានរស់នៅលើដី លើមេឃ និងក្នុងទឹក នឹងស្អាត។ ជាលទ្ធផលយើងនឹងទទួលបានសង្គមជាតិទាំងមូលស្អាតជាក់ជាមិនខាន។

ការថ្លែងបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសដែលបានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធឆ្លង និងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់នូវសមិទ្ធិផលនានា ក្នុងវត្តវេឡុវនារាម ហៅវត្តកំពង់ឬស្សី ក្នុង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤។

លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា នៅក្នុងភាពស្អាតនេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលជាទង្វើ ដ៏ល្អ ចំពោះភពផែនដីរបស់យើង បាននិងកំពុងទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមរោងចក្រ សាលារៀន វត្តអារាម ដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និងឯកជនមួយចំនួន ជាពិសេស សិស្សានុសិស្ស ដែលបានប្ដេជ្ញារួមគ្នាជាធ្លុងមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជាក់ស្តែងចាប់តាំងពីថ្ងៃចាប់ផ្តើមយុទ្ធនាការ រហូតដល់ថ្ងៃនេះ មានការចូលរួមយ៉ាងផុលផុសពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅតាមរោងចក្រ សិស្សា នុសិស្ស នៅតាមសាលារៀន និងព្រះសង្ឃនៅតាមវត្តអារាម ទូទាំងប្រទេស សរុបចំនួន៨លាននាក់។

លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការចូលរួមដ៏កុះករនេះសបញ្ជាក់យ៉ាងច្បាស់ឱ្យឃើញពីសេចក្ដីស្រលាញ់លើភាពស្អាត អំពើល្អ ដែលកើតចេញពីបេះដូងខ្មែរពិតៗ។

ជាមួយគ្នានេះ លោកបណ្ឌិត បានសំដែងសុទិដ្ឋិនិយម និងជឿជាក់យ៉ាងមុតមាំថា ខ្មែរអាចធ្វើបាន និងអាចរួមគ្នាកសាងសង្គមដែលស្អាតបាន ដើម្បីកសាងភាពស្អាតមួយទុកឱ្យកូនចៅជំនាន់ក្រោយយើងបន្តរាប់ជំនាន់ទៅមុខទៀត លើសពីនេះទៀត ការបណ្តុះគំនិតស្រលាញ់ភាពស្អាត ដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីនេះ នឹងជំរុញពួកគាត់ឱ្យក្លាយជាធនធាន ដ៏មានសារៈសំខាន់ចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ និងយុទ្ធនាការផ្សេងៗទៀតដើម្បីឈានទៅសម្រេចបាននូវភាពស្អាត ភាពបៃតង និងចីរភាពសម្រាប់កម្ពុជាផងដែរ៕