(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធជាតិកម្ពុជា បានថ្លែងបញ្ជាក់ថា ភ្លេងកាយរឹទិ្ធគឺជាវិធីសាស្រ្តអប់រំបែបកាយរឹទិ្ធកម្ម ដែលរួមចំណែកអភិវឌ្ឍន៍កុមារ និងយុវជនឱ្យមានសក្តានុពលភាពពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីក្លាយទៅជាពលរដ្ឋមានទំនួលខុសត្រូវ និងទៅជាសមាជិកសកម្មតាមមូលដ្ឋានរស់នៅក្នុងសហគមន៍ជាតិ និងអន្តរជាតិ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលលោកបានអញ្ជើញជាអធិបតី បើកការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី១ ដែលបានធ្វើឡើងក្រោមប្រធានបទ «ភ្លេងក្នុងសន្តិភាព» ដោយមានក្រុមភ្លេងកាយរឹទ្ធិចំនួន ៨ក្រុមមកពី ៦រាជធានី/ខេត្តចូលរួមប្រកួតរួមមាន៖ រាជធានីភ្នំពេញចំនួន ៣ក្រុម ខេត្តកណ្តាលមាន ១ក្រុម, ខេត្តសៀមរាបមាន ១ក្រុម, តឧត្តរមានជ័យមាន ១ក្រុម, ខេត្តកោះកុងមាន ១ក្រុម និង ខេត្តរតនគិរីមាន ១ក្រុម។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ក្រុមភ្លេងកាយរឹទិ្ធ គឺជាវិធីសាស្រ្តហ្វឹកហ្វឺនលំហាត់របៀបកាយរឹទិ្ធកម្ម បញ្ជាសណ្តាប់ធ្នាប់ប្រព័ន្ធកងល្បាត និងដំណើរព្យុហយាត្រាប្រកបដោយភាពទាក់ទាញដល់កុមារ យុវជន និងមានចំណាប់អារម្មណ៍ក្នុងស្រទាប់មហាជន ដើម្បីគាំទ្រចលនាកាយរឹទិ្ធ ហើយតាមរយៈកម្មវិធីនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងផលិតបាននូវធនធានក្រុមភ្លេងកាយរឹទិ្ធឱ្យមាន សក្តានុពលពេញលេញលើបំណិនសម្បទាខាងផ្នែកកាយសម្បទា មានសុខភាពល្អ វិជ្ជាសម្បទា ចរិយាសម្បទា ជំនាញទន់ បំណិនជីវិត បំណិនច្នៃប្រឌិត មានសមត្ថភាពរស់នៅ និងធ្វើការជាក្រុមមានបំណិនផែ្នកតន្ត្រី និងសិល្បៈ និងមានឆន្ទៈពិតប្រាកដ ដើម្បីចូលរួមសកម្មភាពក្នុងសហគមន៍របស់ខ្លួន។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបន្តថា ចំពោះការជ្រើសរើសប្រធានបទនៃការរៀបចំការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី១ ក្រោមប្រធានបទ «ភ្លេងក្នុងសន្តិភាព» នាពេលនេះ គឺដើម្បីឧទ្ទិសដល់សន្តិភាព ឧទ្ទិសដល់ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលសម្តេចបានខិតខំប្រឹងប្រែងក្នុងការបង្រួបបង្រួមជាតិនាំមកនូវសុខសន្តិភាពដល់កម្ពុជា។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ក៏បានយកឱកាសនេះឧទ្ទិសនូវសមិទ្ធផលដ៏ត្រចះត្រចង់នាពេលនេះជូនចំពោះសម្តេចវិបុលបញ្ញា សុខ អាន អតីតប្រធានកាយរឹទ្ធជាតិកម្ពុជា ព្រមទាំងកាយរឹទ្ធាចារ្យទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុចលនាកាយរឹទ្ធជាតិកម្ពុជា និងបានបង្កើតឡើងនូវក្រុមភ្លេងកាយរឹទ្ធគ្រប់ទម្រង់ និងដ៏សម្បូរបែបនាពេលកន្លងមកនេះ។

ជាមួយគ្នានេះលោកប្រធានកាយរឹទ្ធជាតិកម្ពុជា បានគូសបញ្ជាក់បន្ថែមថា ការរៀបចំការប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិនាពេលនេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឱ្យក្មួយៗ និងប្អូនៗកាយរឹទ្ធទាំងអស់ឱ្យចូលរួមក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី នៅក្នុងវិស័យអប់រំ ជាពិសេសគឺការបន្តពង្រឹងអភិបាលកិច្ចសាលារៀន ការបង្កើនកម្មវិធីក្រៅម៉ោងសិក្សា ការលើកកម្ពស់សុខភាពសិក្សា និងការលើកកម្ពស់ភាពជាដៃគូរបស់សហគមន៍ដើម្បីការអប់រំ ដែលក្នុងន័យនេះ ក្មួយៗកាយរឹទ្ធទាំងអស់ត្រូវចូលរួមអនុវត្តនូវកម្មវិធីកាយរឹទ្ធ ក៏ដូចជាកម្មវិធីក្រៅម៉ោងសិក្សា រៀនសូត្រ ហ្វឹកហាត់ភ្លេង ដែលជាសកម្មភាពក្រៅម៉ោងសិក្សា ជាពិសេសកាយរឹទ្ធមានតួនាទីនៅក្នុងការចូលរួមក្នុងការអប់រំមិត្តភ័ក្ត្រ ក៏ដូចជានៅក្នុងការចូលរួមលើកកម្ពស់ការងារសង្គមថែមទៀតផង។

សូមអបអរសាទរ ក្រុមភ្លេងកាយរឹទ្ធិជាតិល្អបំផុតទាំង៣ ដែលដណ្ដើមបានជ័យលាភី ក្នុងការប្រកួត ក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៤ មានដូចជា៖ ជ័យលាភីលេខ១ បានទៅលើ ក្រុមភ្លេងកាយរឹទ្ធិ រាជធានីភ្នំពេញ វិទ្យាល័យបាក់ទូក ទទួលបានមេដាយ ទង់ជ័យលាភីលេខ១ ព្រមទាំងថវិកាចំនួន ២០,០០០,០០០រៀល។ ជ័យលាភីលេខ២ បានទៅលើ ក្រុមភ្លេងកាយរឹទ្ធិ រាជធានីភ្នំពេញ វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី វត្តភ្នំ ទទួលបានមេដាយ ទង់ជ័យលាភីលេខ២ ព្រមទាំងថវិកាចំនួន ១២,០០០,០០០រៀល។ ជ័យលាភីលេខ៣ បានទៅលើ ក្រុមភ្លេងកាយរឹទ្ធិ ខេត្តសៀមរាប ទទួលបាន មេដាយ ទង់ជ័យលាភីលេខ៣ ព្រមទាំងថវិកាចំនួន ៨,០០០,០០០រៀល៕