(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលើកឡើងថា ប្របើសិនអាជ្ញាធរកម្ពុជា មិនអនុវត្តច្បាប់ឱ្យបានតឹងរឹងចំពោះជនដែលប្រព្រឹត្តល្មើសច្បាប់កម្ពុជាទេនោះ នឹងធ្វើឱ្យសង្គម មានភាពអាណាធិបតេយ្យ ហើយសូមកុំព្យាយាមទាញចូលការរំលោភបំពានសិទ្ធិមនុស្ស, ការអនុវត្តច្បាប់ជារបងដ៏រឹងមាំដើម្បីរក្សាស្ថេរភាពរបស់កម្ពុជា។

ការលើកឡើងបែបនេះរបស់ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយស្តីពី «ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាដើម្បីឆ្នាំ២០២៤» នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ។

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងយ៉ាងដូច្នេះថា៖ «បានបើសិនជាបុគ្គលណាមួយប្រព្រឹត្តខុសច្បាប់ ទម្លាប់ ហើយគ្មានការអនុវត្តទៅលើគាត់អ្នកនោះនឹងនាំមុខធ្វើឱ្យជ្រួលច្របល់ បង្កើតទៅជារឿងមួយដែលធំឡើងដែលយើងពិបាកនឹងប៉ាន់ស្មាន ដែលកម្ពុជាសព្វថ្ងៃ ក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀតលើសកលលោកកំពុងតែប្រឈម យើងអាចរលាយបានដោយសារតែការមិនអនុវត្តច្បាប់របស់យើង ពីព្រោះអ្នកដែលបម្រុងបំផ្លាញសមិទ្ធផល ស្ថេរភាពរបស់រាជរដ្ឋាភិបាល គឹត្រៀមតែបំផ្លាញទេ ដោយមុនដំបូចេញតែមុខតូច»

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសង្កត់ធ្ងន់ថា ប្រសិនបើម្នាក់ៗនៅលើច្បាប់នោះនឹងធ្វើឱ្យសង្គមអនាធិបតេយ្យ ហើយសួរថាតើបង្កើតច្បាប់ ដើម្បីអ្វី? ដូច្នេះ អាជ្ញាធរកម្ពុជា ត្រូវតែអនុវត្តន៍ច្បាប់ឱ្យបានតឹងរឹងបំផុតចំពោះអ្នកដែលប្រព្រឹត្តខុសច្បាប់ដែលមានចែងប៉ុណ្ណោះ ត្រង់ចំណុចនេះគឺជាភាពត្រឹមត្រូវដើម្បីរក្សាស្ថេរភាពសង្គម។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រដ្ឋាភិបាលធ្វើទុក្ខបុម្នេញមកលើសកម្មជនដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល, ត្រូវបានប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចោទជាសំណួរថា ប្រសិនបើពួកគាត់មិនប្រព្រឹត្តខុសច្បាប់នោះទេ សួរថាតើតុលាការយកច្បាប់អ្វីមកដាក់ទោសពួកគាត់?។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងកិច្ចសហការអន្តរជាតិយ៉ាងល្អ តាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩ ដែលធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយលេចធ្លោ និងឈានមុខគេក្នុងតំបន់ក្នុងនាមជាភាគីសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា កម្ពុជាបានបំពេញកាតព្វកិច្ចក្នុងការអនុវត្តតាមមាត្រាដែលមានចែងក្នុងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងបានដាក់របាយការណ៍ជាតិសិទ្ធិមនុស្សបានទាន់ពេលវេលាកំណត់របស់អង្គការសហប្រជាជាតិ ដោយមានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស ដើម្បីធានា ថាប្រជាពលរដ្ឋគ្រប់រូបអាចទទួលបាននូវការអនុវត្តសិទ្ធិរបស់ខ្លួនបានយ៉ាងពេញលេញ។

នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ តំណាង គ.ស.ម.ក. បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមការពិនិត្យរបាយការណ៍ជាតិលើកដំបូង ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួន ដោយបង្ខំដោយទទួលបានការកោតសរសើរពីគណៈកម្មាធិការទទួលបន្ទុកបាត់ខ្លួនដោយបង្ខំរបស់អង្គការ សហប្រជាជាតិ ក្នុងកិច្ចខិតខំ និងទទួលស្គាល់នូវឆន្ទៈ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញានេះ ព្រមទាំងការពន្យល់ និងការឆ្លើយតបបានយ៉ាងល្អ ដែលធ្វើឱ្យកិច្ចសន្ទនាបែបស្ថាបនារវាងគណៈកម្មាធិការ និងគណៈប្រតិភូកម្ពុជាទទួលបានលទ្ធផលគួរជាទីពេញចិត្ត