(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា នៅពេលព្រែកជីកហ្វូណន-តេជោចាប់ដំណើរការហើយនោះ ប្រជាពលរដ្ឋដែលអាស្រ័យនឹងទឹកព្រែកនេះអាចប្រកបរបរនេសាទ ប្រើប្រាស់ទឹកស្រោចស្រពដំណាំកសិកម្ម និងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗបាន ខណៈតាមការប៉ាន់ស្មានរបស់ក្រសួង ព្រែកជីកនេះនឹងផ្ដល់ផលត្រីបានប្រមាណ៥៤០តោនក្នុងមួយឆ្នាំៗ។

ការបញ្ជាក់បែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រោយកិច្ចប្រជុំរវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ជាមួយឯកអគ្គរដ្ឋទូត ឯកអគ្គ​រាជ​ទូត ក៏ដូចជាមន្ត្រីតំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា រួមមានវៀតណាមផងដែរ ក្នុងគោលបំណងពន្យល់ និងបង្ហាញព័ត៌មាននានាពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណន-តេជោ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា នៅពេលព្រែកជីកហ្វូណន-តេជោចាប់ដំណើរការហើយនោះ ប្រជាពលរដ្ឋដែលអាស្រ័យនឹងទឹកព្រែកនេះអាចប្រកបរបរនេសាទ ប្រើប្រាស់ទឹកស្រោចស្រពដំណាំកសិកម្ម និងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗបាន។ ក្រុមហ៊ុនដែលទទួលបានកិច្ចព្រមព្រៀងសម្បទាននេះ គ្មានសិទ្ធិហាមឃាត់ការនេសាទរបស់ប្រជាពលរដ្ឋខ្មែរឡើយនៅលើដងព្រែកទាំង១៨០គីឡូម៉ែត្រនេះឡើយ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា «តាមការព្យាករណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ព្រែកជីកនេះនឹងផ្ដល់ផលត្រីបានប្រមាណ៥៤០តោនក្នុងមួយឆ្នាំៗ....សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថានឹងបានច្រើនជាងនេះ គឺយើងនឹងព្រលែងកូនត្រីគ្រប់មុខទៅក្នុងព្រែក»

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថា នៅពេលចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន គឺភាគីរាជរដ្ឋាភិបាលកម្ពុជាបានហាមដាច់ខាតមិនឱ្យក្រុមហ៊ុនទារកម្រៃ ឬភាស៊ីពីប្រជាពលរដ្ឋដែលចូលទៅនេសាទក្នុងព្រែកជីកនេះឡើយ ដូច្នេះប្រជាពលរដ្ឋខ្មែរប្រមាណ១លាន៦សែននាក់ដែលរស់នៅអាស្រ័យនឹងព្រែកនេះ អាចប្រកបរបរនេសាទ ស្រោចស្រពដំណាំកសិកម្ម ឬប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ៕