(ភ្នំពេញ)៖ តំណាងស្ថានទូតអូស្ត្រាលី, អង់គ្លេស, កាណាដា, បារាំង, ឥណ្ឌា និងជប៉ុន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ បានចុះមកទស្សនកិច្ច ទីតាំងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ស្ថិតនៅក្នុងក្រុងតាខ្មៅ , ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការគាំទ្រពីស្ថានទូតនានា ដើម្បីបង្ហាញពីភាពវិជ្ជមាន ចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងជំរុញទំនាក់ទំនងទ្វេភាគី។

តំណាងស្ថានទូតទាំង៦ប្រទេស បានទស្សនាអគារចំណតអាកាសយានដ្ឋានអន្តរជាតិតេជោ និងអគារត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ព្រមទាំងបានសម្តែង ការកោតសរសើរ ចំពោះការរៀបចំ ផែនការយ៉ាងល្អិតល្អន់ និងហេដ្ឋារចនាសម្ព័ន្ធពណ៌បៃតង ដែលរួមបញ្ចូលក្នុងការរចនាព្រលានយន្តហោះ។

ហេដ្ឋារចនាសម្ព័ន្ធពណ៌បៃតង រួមមាន៖ ការប្រើប្រាស់អំពូលភ្លើង ក្នុងការរចនាដំបូលនៃស្ថានីយ ដើម្បីអនុញ្ញាតឲ្យប្រើប្រាស់ពន្លឺធម្មជាតិ និងការដំឡើង និងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។

ក្នុងដំណើរទស្សនកិច្ចនេះ មន្ត្រីមកពីស្ថានទូតរៀងៗខ្លួន ក៏បានចូលរួមពិភាក្សា ក្នុងន័យស្ថាបនា ជាមួយភាគីពាក់ព័ន្ធគម្រោង និងបានកោតសរសើរ ចំពោះការលះបង់ និងជំនាញរបស់ក្រុមការងារ ដែលពាក់ព័ន្ធ ក្នុងការអនុវត្ដគម្រោងនេះ ឲ្យសម្រេចបាន។

លោកស្រីបណ្ឌិត លឹម លីណា អនុប្រធានក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានលើកឡើងអំពីអ្នកផ្គត់ផ្គង់ និងអ្នកម៉ៅការ មកពីប្រទេសរៀងៗខ្លួន នៃស្ថានទូតចំនួន៦ ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ចូលរួមជាមួយ សម្រាប់ការសាងសង់គម្រោង ដែលមានតម្លៃសរុប១៣៣លានដុល្លារ។

លោកស្រីបណ្ឌិត លឹម លីណា បានបញ្ជាក់ថា ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍អ្នកវិនិយោគមកពីប្រទេសនានា មកកាន់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈអាកាសយានដ្ឋាន នឹងរៀបចំស្វាគមន៍អ្នកដំណើរ មកពីជុំវិញពិភពលោក ក្នុងឆ្នាំ២០២៥។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

បច្ចុប្បន្នមានបុគ្គលិក និងកម្មករប្រមាណ១៧,០០០នាក់ កំពុងធ្វើការនៅក្នុងគម្រោងនេះ ហើយការស្ថាបនា បច្ចុប្បន្នសម្រេចបាន៧២.៣% ជាមួយនឹងការវិនិយោគសរុប រហូតដល់១,០៥២លានដុល្លារ ដែលក្នុងនោះទឹកប្រាក់ប្រមាណ៣៤០លានដុល្លារ តាមរយៈការទិញសញ្ញាបណ្ណ (មូលបត្របំណុល-Bond) ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕