(ជប៉ុន)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ បានសហការជាមួយគណៈកម្មការពិព័ណ៌កម្ពុជា សហគមន៍ខ្មែរ សិស្សនិស្សិតខ្មែរ និងសិស្សនិស្សិតជប៉ុន រៀបចំព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ប្រចាំឆ្នាំ លេីកទី៨ ឆ្នាំ២០២៤(Cambodia Festival) នៅបរិវេណឧទ្យាន យ៉ូយ៉ូហ្កិ ផាក (Yoyogi Park) ក្រុងតូក្យូ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក IMAMURA Masahiro សមាជិកសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា លោក HOSAKA Yasushi អនុរដ្ឋមន្រ្តី្កក្រសួងការបរេទសជប៉ុន លោក លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា រួមទាំងតំណាងក្រសួងទេសចរណ៍កម្ពុជា និងតំណាងសហគមន៍ខ្មែរនៅជប៉ុន លោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូតនៃបណ្ដាប្រទេសសមាជិកអាស៊ាន ក្រុមហ៊ុនឯកជនជប៉ុន ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ព្រមទាំងភ្ញៀវអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។

ក្នុងឱកាសនោះលោក Imamura និងលោក Hosoka បានរំលឹកឡើងពីខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតការទូតកម្ពុជា-ជប៉ុន ដែលបានតម្លើងកម្រិតទំនាក់ទំនងនេះទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនេះលោក លឹម ឡោកពិសិទ្អិ ក៏បានជម្រាបជូនអំពីការវឌ្ឍនភាពសេដ្ឋកិច្ចបច្ចុប្បន្ននៅកម្ពុជា និងបានលើកទឹកចិត្តឱ្យអ្នកវិនិយោគ និងក្រុមហ៊ុនជប៉ុន ពិចារណាដាក់ទុននៅកម្ពុជា។

សូមអនុញ្ញាតជម្រាបជូនថា មានស្តង់ចំនួន ៩០បានដាក់តាំងបង្ហាញ នូវផលិតផលខ្មែរ មុខម្ហូបរបស់ខ្មែរមួយចំនួន ព្រមទាំងមានសម្ដែងនូវរបាំបុរាណខ្មែរ សម្ដែងដោយក្រុមសិល្បៈមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខ្មែរ និងអ្នកសំដែងរចាំក្នុងស្រុក រួមទាំងការបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ សំដែងដោយក្រុមសមាគមនិស្សិតកម្ពុជា នៅទីក្រុងតូក្យូ ព្រមទាំងមានការសំដែងក្បាច់គុនខ្មែរ និងមានការរាំកំសាន្តនៅមុនចប់កម្មវិធី ផងដែរប្រកបដោយភាពរីករាយក្រៃលែង។

ថ្លែងក្នុងឱកាសនោះលោក ទុយ រី បានឱ្យដឹងថា ពិព័រណ៍កម្ពុជាត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីខ្មែរតាមរយៈការសម្តែងសិល្បៈចម្រុះ បុរាណសម័យ ការផ្សព្វផ្សាយពីទេសចរណ៍ ការតាំងបង្ហាញផលិតផលខ្មែរព្រមទាំងបង្ហាញមុខម្ហូបខ្មែរជូនមិត្តជប៉ុន និងមិត្តបរទេសផ្សេងទៀតបានស្គាល់កម្ពុជាកាន់តែច្បាស់ថែមទៀត ក៏ដូចជាកាទាក់ទាញ់ពួកគាត់អញ្ជើញទៅទស្សនាប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។

ពិព័រណ៍នេះក៏ជាផ្នែកមួយនៃគោលនយោបាយការទូតសេដ្ឋកិច្ច របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំរយៈពេល ៣ឆ្នាំ ពី ឆ្នាំ២០២១-២០២៣ កាលពីដើមឆ្នាំ២០២១ និងបន្តសម្រាប់ឆ្នាំ២០២៤-២០២៨ ដើម្បីផ្សារភា្ជប់គោលនយោបាយ ការបរទេស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយប្រើប្រាស់មធ្យោបាយការទូត ក្នុងការចូលរួមលើកកម្ពស់ ពាណិជ្ជកម្មអន្តរជាតិ ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស លើកកម្ពស់វិស័យទេសចរណ៍ និងជំរុញការ ផ្លាស់ប្ដូរវប្បធម៌ និងកីឡា ។

ទន្ទឹមនេះលោកឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំកំពូលទាំងពីរប្រទេស បានឯកភាពដំឡើងកម្រិតទំនាក់ទំនងនៃប្រទេសទាំង២ ទៅជា« ភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីដើមឆ្នាំ២០២៣ ដែលជាឆ្នាំដ៏អស្ចារ្យ ដោយប្រទេសទាំងពីរ បានប្រារព្ធខួបអនុស្សាវរីយលើកទី៧០ នៃការបង្កើតចំណងការទូតរបស់ខ្លួន។

លោក ទុយ រី ក្នុងនាមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងជាប្រធានគណៈកម្មាធិការរៀបចំពិព័រណ៍ ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញមកចូលរួមទស្សនាព្រិត្តិការណ៍តាំងពិព័រណ៍កម្ពុជាលើកទី៨ឆ្នាំ២០២៤នេះយ៉ាងច្រើនកុះករផងដែរ៕