(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចសម្រាប់រយៈពេល១០ឆ្នាំ (២០២៤-២០៣៣) ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. អមដោយអគ្គនាយករង និងប្រធាននាយកដ្ឋាន។

សិក្ខាសាលានេះក៏មានការចូលរួមពីមន្ដ្រីជំនាញនៃ ន.ប.ធ. ដែលមានការចូលរួមពីក្រុមហ៊ុនបរធនបាល បរធនបាលរូបវន្ដបុគ្គល ប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក (Escrow Services) ក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច ដើម្បីទទួលបានមតិយោបល់ និងធាតុចូលបន្ថែមពីតួអង្គ និងភាគីពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ដើម្បីឱ្យការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចសម្រាប់រយៈពេល១០ឆ្នាំ កាន់តែមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ សំដៅដល់ការអនុវត្តប្រកបដោយសណ្តាប់ធ្នាប់ តម្លាភាព ប្រសិទ្ធភាព និងទំនុកចិត្តពីអ្នកចូលរួមក្នុងវិស័យបរធនបាលកិច្ច នៅទីស្តីការរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕