(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមលាងសម្អាតដៃឱ្យបានត្រឹមត្រូវជាមួយសាប៊ូ និងទឹក ជែល ឬអាកុល ពេលដៃប្រលាក់នឹងអ្វីមួយ រួមទាំងពេលចេញពីបន្ទប់ទឹក ដាច់ខាតកុំលាងតែជាមួយទឹក និងយកមកជូតទៅលើសម្លៀកបំពាក់វិញ។

អង្គការសុខាភាពពិភពលោក បានរកឃើញថាមានអ្នកជំងឺរាប់រយលាននាក់ទូទាំងពិភពលោក រងគ្រោះដោយសារការឆ្លងរោគតាមរយៈដៃ ហើយចំពោះការសម្អាតដៃឱ្យបានត្រឹមត្រូវ គឺអាចបង្ការពីការបង្ករោគដែលកើតឡើងតាមរយៈដៃបានជាង ៥០%។

នេះបើតាមការលើកឡើងរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៤ ទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៤ ក្រោមប្រធានបទ «អនាម័យដៃ សង្រ្គោះជីវិត» ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងបន្ដថា «ការលាងសម្អាតដៃឱ្យបានត្រឹមត្រូវ គឺអាចជួយកាត់បន្ថយនូវគ្រោះកាច (ឆ្លងមេរោគ ឬវីរុស) ដែលកើតឡើងដោយសារដៃ រហូតដល់ទៅជាង៥០% ជាពិសេសក្រុមគ្រូពេទ្យតែម្ដង ពេលថែទាំព្យាបាលអ្នកជំងឺម្នាក់ ទៅអ្នកជំងឺម្នាក់ទៀត ត្រូវតែសម្អាតឱ្យត្រឹមត្រូវ ។ក្នុងនោះសមាជិកគ្រួសារអ្នកជំងឺ ក៏ចាំបាច់បំផុតដែរ នៅពេលទៅថែទាំអ្នកជំងឺ ឬបញ្ចុកចំណីអាហារអ្នកជំងឺជាដើម បើលាងសម្អាតដៃមិនបានត្រឹមត្រូវ នឹងនាំជំងឺដល់អ្នកជំងឺបន្ថែម។ ដូច្នេះការលាងសម្អាតដៃឱ្យត្រឹមត្រូវ គឺអាចកាត់បន្ថយការចម្លងទាំងមេរោគ និងវីរុស នៅក្នុងមូលដ្ឋានសុខាភិបាល និងក្នុងសហគមន៍។
កត្ដាទាំងនេះទើបទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ហើយរបៀបនៃការលាងដៃ គឺដូចនឹងការលាងសម្អាតដៃ ការពារឆ្លងជំងឺកូវីដ១៩ ដូច្នេះដែរ»។

លោកសាស្ដ្រាចារ្យបានថ្លែងទៀតថា កន្លងមកយើងឃើញហើយថា មានករណីពុលផ្សេងៗកើតឡើង គឺពាក់ព័ន្ធទៅនឹងរឿងស្អាត មិនស្អាតនេះហើយ ។ក្នុងឱកាសនោះ ក៏សំណូមពរដល់អ្នកលក់ចំណីអាហារ សូមឱ្យយកចិត្ដទុកដាក់ជាទីបំផុត ហើយកុំយកគូតចានដាក់នៅលើម្ហូបផ្សេងៗ។

លោកសាស្ដ្រចារ្យបន្ដថា «បច្ចុប្បន្ននេះ យើងឃើញថាមានជំងឺឆ្លងថ្មីៗជាច្រើន ដែលកំពុងកើតមានហើយ និងកំពុងតែគម្រាមគំហែងដល់អាយុជីវិតយើងគ្រប់គ្នា ដែលអាចមានបញ្ហាសុខភាពសាធារណៈធ្ងន់ធ្ងរ បើយើងទាំងអស់គ្នាមិនបានចូលរួមទប់ស្កាត់ឱ្យបានត្រឹមត្រូវ។ រាល់ការចម្លងរោគទាំងនេះ ភាគច្រើនគឺបណ្តាលមកពីការមិនបានលាងដៃ រក្សាគម្លាតឲ្យបានត្រឹមត្រូវ។ ប្រសិនបើយើងបានលាងដៃជាមួយសាប៊ូ និងទឹក ឬអាល់កុលបានត្រឹមត្រូវតាមក្បួននោះ យើងនឹងអាចជៀសផុតពីការចម្លងរោគ។ ដូច្នេះការលាងដៃគឺ សង្រ្គោះជីវិត»។

ខាងក្រោមនេះ នេះរបៀបលាងសម្អាតដៃឱ្យបានត្រឹមត្រូវ ជាមួយទឹក និងសាប៊ូ លាងដៃឱ្យបាន៤០នាទី ទៅ៦០វិនាទី៖
* ផ្សើមដៃជាមួយទឹក ចាក់សាប៊ូគ្រប់គ្រាន់លើប្រអប់ដៃ ដុសលាងប្រអប់ដៃទាំងពីរ
*ដុសបាតដៃលើខ្នងដៃឆ្វេងស្ដាំម្ដងមា្នក់ ដោយម្រាមដៃឆ្លាស់គ្នា,
* ដុសប្រអប់ដៃលើ ប្រអប់ដៃដោយម្រាមដៃឆ្លាស់គ្នា,
* ដុសខ្នងម្រាមដៃ និងប្រអប់ដៃ ឆ្វេងស្ដាំម្ដងម្នាក់ ដោយម្រាមដៃចាក់ស្រះគ្នា,
* ក្ដាប់ប្រអប់ដៃលើមេដៃ ហើយបង្វិលឆ្វេងស្ដាំម្ដងម្នាក់,
* បង្វិលដុសចុងម្រាមដៃ លើប្រអប់ដៃ ឆ្វេងស្ដាំម្ដងម្នាក់
* លាងជម្រះជាមួយទឹកស្អាត
* សម្ងួតដៃជាមួយប្រដាសអនាម័យ
* មូលបិទរ៉ូប៊ីណេទឹក ដោយទ្រាប់ក្រដាសអនាម័យ

សូមជម្រាបថា ពិធីអបអរសាទរខួបលើកទី១៤ ទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៤ ក៏មានពិធីបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាលផងដែរ ដោយមានការចូលរួម
ពីរដ្ឋលេខាធិការ អនុលេខាធិការ ទីប្រឹក្សាក្រសួង និងលោក Dr. Pascal Ringwald តំណាងអង្គការសុខភាពពិភពលោក ព្រមទាំងលោក លោកស្រី ប្រធាននាយកដ្ឋាន នាយកមន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ តំណាងអង្គការដៃគូ និងសិស្ស-និស្សិតនៅតាមគ្រឹះស្ថានបណ្តុះបណ្តាល សរុបចំនួន ៣៦៦រូប។

ទិវាអនាម័យដៃពិភពលោកត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោក ដែលប្រារព្ធធ្វើឡើងនៅរាល់ថ្ងៃទី៥ ខែឧសភា និងដើម្បីលើកទឹកចិត្តឱ្យអ្នកជំងឺ និងសមាជិកគ្រួសារ ចូលរួមចំណែកអនុវត្តអនាម័យដៃឱ្យបានល្អ។ គោលបំណងវេជ្ជសាស្រ្តនៃការលាងដៃត្រឹមត្រូវតាមបច្ចេកទេស គឺសម្អាតភាពកខ្វក់ មេរោគបាក់តេរី និងវីរុសដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពផ្ទាល់ខ្លួន និងសហគមន៍។

ទន្ទឹមនឹងនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់អង្គភាពសុខាភិបាលទាំងអស់ ឱ្យធ្វើផែនការប្រតិបត្តិរៀងៗខ្លួន ដោយបញ្ជូលសកម្មភាពបង្ការ និងត្រួតពិនិត្យការចម្លងរោគ ដូចជាការធ្វើអនាម័យដៃ តម្រូវការធនធានសម្ភារៈ និងថវិកាជាអាទិភាពសម្រាប់ដំណើរការសកម្មភាពឆ្នាំ២០២៤ខាងមុខនេះ ដើម្បីឆ្លើយទៅនឹងផែនការយុទ្ឋសាស្រ្តសុខាភិបាល ២០២២-២០៣០ និងច្បាប់សុខភាពអន្តរជាតិ (International Health Regulation) របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក៕