(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សារព័ត៌មាន គឺជាអំណាចទី៤ ដែលប្រសិនបើប្រើប្រាស់អំណាចនេះបានត្រឹមត្រូវ គឺនឹងផ្ដល់សារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ថែរក្សាសន្តិភាព ស្ថិរភាព និងសម្រាប់ផ្ដល់ថាមពលឱ្យប្រជាជនសម្រេចចិត្តលើអ្វីមួយ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានឱ្យមានប្រសិទ្ធភាព។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណ៥ពាន់នាក់ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «សារព័ត៌មាន គឺជាអំណាចទី៤ ដែលប្រសិនបើប្រើប្រាស់បានត្រឹមត្រូវ គឺមានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព និងសម្រាប់ផ្ដល់ថាមពលឱ្យប្រជាជនសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានឱ្យមានប្រសិទ្ធភាព»។

សម្ដេចនាយករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវការគោរពសិទ្ធិសេរីភាពសារព័ត៌មាន ការបោះពុម្ភផ្សាយ ការបញ្ចេញមតិដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបានបន្តទៀតថា អំណាចទាំង៣ មានអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ គឺបង្កើតឡើងដើម្បីរួមគ្នាការពារប្រជាជន និងអភិវឌ្ឍប្រទេសជាតិ ហើយអំណាចទី៤ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការធានាថាអំណាចទាំងអស់នឹងរួមគ្នាដោយការទទួលខុសត្រូវក្នុងការបម្រើប្រជាជន។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មានគ្រប់ៗគ្នា សិទ្ធសេរីភាពនេះត្រូវទទួលបានតាមរយៈការផ្ដល់ឱ្យ និងទទួលព័ត៌មានដោយសេរី។ ប្រជាពលរដ្ឋម្នាក់ៗក៏មានសិទ្ធិក្នុងការផ្សព្វផ្សាយព័ត៌មាន ពិសេសក្នុងដំណាក់កាលនៃការរីកចម្រើននៃប្រព័ន្ធឌីជីថលនេះ ម្នាក់គឺជាអ្នកព័ត៌មានហើយ អីចឹងហើយអំណាចទី៤នេះកាន់តែមានតម្រូវការខ្ពស់។

សម្ដេចបានបន្ថែមថា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺត្រូវការព័ត៌មានពិត ទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញនូវវិធានការដោះស្រាយទាន់ពេលវេលា ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវការព័ត៌មានពីគ្រប់ច្រកល្ហក។

ពិសេសក្នុងរយៈពេល៨ខែមកនេះ សម្ដេចបានដោះស្រាយបញ្ហារួមជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយបញ្ហាជាច្រើនជូនប្រជាពលរដ្ឋបានទាន់ពេល គឺដោយសារការទទួលព័ត៌មាន និងផ្ដល់ព័ត៌មានពីអ្នកសារព័ត៌មានទាំងអស់ រួមទាំងប្រជាពលរដ្ឋម្នាក់ៗ។ នេះបើតាមសម្ដេចធិបតីនាយករដ្ឋមន្ត្រី៕