(កោះកុង)៖ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ព្រមទាំងបុត្រ នៅថ្ងៃទី៣​ ខែឧសភា ឆ្នាំ២០២៤ បាននាំយកថវិកាចំនួន២ម៉ឺនដុល្លារ ប្រគល់ជូនលោកស្រី មិថុនា ភូថង ប្រធានកាកបាទក្រហមកម្ពុជាខេត្តកោះកុង ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។

អ្នកឧកញ៉ា គិត ម៉េង តែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ ឧសភា និងបានចូលរួមឧបត្ថម្ភថវិកាជួយដល់រាជរដ្ឋាភិបាលយ៉ាងច្រើន តាមរយ:ការចូលរួមបរិច្ចាគថវិកាដល់ការទិញវ៉ាក់សាំងការពារកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋ, ជួយចូលរួមឧបត្ថម្ភថវិកាដល់យុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩, ចូលរួមឧបត្ថម្ភថវិកាទិញមន្ទីរពេទ្យនគរទេព, ជួយបរិច្ចាគដី១កន្លែង តម្លៃជាង៨លានដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា, ជួយបរិច្ចាគថវិកាដល់ការសាងសង់មន្ទីរពេទ្យកាល់ម៉ែត, បរិច្ចាគថវិកាដល់ក្រុមគ្រូពេទ្យធីតា (TYDA), ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប, ជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារនៅខេត្តព្រះសីហនុ, បរិច្ចាគថវិកាដល់មូលនិធិត្រីចក្រយានកម្ពុជា, ជួយថវិកាដល់សមាគមន៍ស៊ីក្លូ, ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងចូលរួមជួយជាថវិកាដល់កម្មវិធីផ្សេងៗជាច្រើនទៀត។

ក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងបុត្រ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាគ្រប់ឱកាសរហូតមកដល់បច្ចុប្បន្ននេះ។

លោកស្រី មិថុនា ភូថង បានបង្ហាញទឹកចិត្តសោមនស្សរីករាយយ៉ាងខ្លាំង និងវានថ្លែងការកោតសរសើរពីទឹកចិត្ដសប្បុរសរបស់អ្នកឧកញ៉ា ដែលបានចូលរួមគ្រប់សកម្មភាពមនុស្សធម៌ ជួយប្រជាជនងាយរងគ្រោះ និងរងគ្រោះបំផុត ព្រមទាំងការជួយសង្គម និងអភិវឌ្ឍជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសូមគោរពជូនពរដល់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងបុត្រ ក៏ដូចជាថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕