(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាសង្ខេបដំណើរការនៃការវាយតម្លៃការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ (International Health Regulations-IHR) ដោយប្រើឧបករណ៍វាយតម្លៃរួមពីខាងក្រៅ (Joint External Evaluation (JEE) ) របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នៅសណ្ឋាគារសុខាភ្នំពេញ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងសហការី មកពីបណ្តាក្រសួង ស្ថាប័ននានា អង្គការដៃគូអភិវឌ្ឍ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចូលរួមក្នុងសិក្ខាសាលា ដ៏មានសារៈសំខាន់នាពេលនេះ ជាពិសេសក្រុមអ្នកជំនាញអន្តរជាតិ ដែលបានធ្វើដំណើរមកពីឆ្ងាយក្នុងការចុះមកបំពេញបេសកកម្ម ក្នុងការវាយតម្លៃកម្រិតសមត្ថភាពស្នូលនៃនិយ័តកម្មសុខភាពអន្តរជាតិរបស់ប្រទេសកម្ពុជា។

លោកស្រីបានឱ្យដឹងថា គោលបំណងសំខាន់នៃសិក្ខាសាលា គឺផ្តោតលើចំណុចសំខាន់ចំនួន ២ចំណុចធំៗ រួមមាន៖

ទី១៖ ប្រជុំសង្ខេបពីដំណើរការ និតិវិធី នៃការវាយតម្លៃដែលក្រុមអ្នកជំនាញពីខាងក្រៅនឹងប្រើប្រាស់ ដើម្បីពិនិត្យមើលទៅលើកម្រិតសមត្ថភាពស្នូលរបស់ប្រទេសកម្ពុជា ក្នុងការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ ។
ទី២៖ ផ្តល់នូវសេចក្តីណែនាំ សម្រាប់អ្នកចូលរួមដើម្បីរួមគ្នាដោះស្រាយ ព្រមទាំងសម្រេចបានតាមគោលដៅ គោលបំណង និងវឌ្ឍនភាព ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ រហូតដល់ពេលបច្ចុប្បន្ន ដើម្បីបង្កើនការយល់ដឹង ក្នុងការកំណត់នូវចំណុចខ្លាំង ចន្លោះប្រហោង និងបញ្ហាប្រឈម និងដាក់ចេញសកម្មភាពអាទិភាពសំខាន់ៗ សម្រាប់បង្កើតផែនការជាតិ ៥ឆ្នាំសម្រាប់អនុវត្តនាពេលខាងមុខ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីក្រសួងពាក់ព័ន្ធចំណុះរាជរដ្ឋាភិបាល ចំនួន២៤ រួមមាន៖ ក្រសួងសុខាភិបាល (អគ្គនាយកដ្ឋាន នាយកដ្ឋាន មជ្ឈមណ្ឌលជាតិ វិទ្យាស្ថានជាតិ សកលវិទ្យាល័យ មន្ទីរពេទ្យជាតិ), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងមហាផ្ទៃ, ក្រសួងការពារជាតិ, ក្រសួងយុត្តិធម៌, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងរ៉ែ និងថាមពល, ក្រសួងផែនការ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងបរិស្ថាន, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងព័ត៌មាន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងទេសចរណ៍, ក្រសួងធម្មការ និងសាសនា, ក្រសួងកិច្ចការនារី, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងនោះក៏មានការអញ្ជើញពីរដ្ឋលេខាធិកាដ្ឋានអាកាសចរស៊ីវិល អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម និងអង្គការដៃគូអភិវឌ្ឍន៍ចំនួន១៣រួមមាន៖ World Bank, ADB, JICA, UNICEF, CHAI, KOICA, GIZ, USAID, US-CDC, FAO, IPC, Kfw, WHO រួមជាមួយនិងអ្នកជំនាញពីខាងក្រៅចំនួន១២រូប និងអ្នកសង្កេតការចំនួន ៥រូបនិងអ្នកសរសេរបាយការណ៍១រូបផងដែរ៕