(ភ្នំពេញ)៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ សពលោក ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអតីតអភិបាលខេត្តពោធិ៍សាត់ និងខេត្តកំពត) ដែលបានទទួលមរណភាព កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០១ និង០០នាទីរសៀល ក្នុងជន្មាយុ៥៧ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្នសពលោក ជាវ តាយ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ និងព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ៣ ផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤តទៅ។ សពនឹងដង្ហែទៅបញ្ចុះនៅថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោក ម៉ក់ រ៉ា និងលោក ខូយ រីដា ពិតជាមានក្តីរន្ធត់យ៉ាងក្រៃលែង និងសោកស្តាយជាទីបំផុត ចំពោះការទទួលមរណភាពរបស់ លោក ជាវ តាយ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ (អតីតអភិបាលខេត្តពោធិ៍សាត់ និងអតីតអភិបាលខេត្តកំពត) ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៥៧ឆ្នាំ វេលាម៉ោង ០១ និង០០នាទីរសៀល ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខក្រៀមក្រំ ស្ទើររកទីបំផុតគ្មាន យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការសោកស្តាយ ជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ដែលបានបាត់បង់នូវជីតា ស្វាមី ឪពុក ជាទីគោរពស្រលាញ់ ដ៏ឧត្តុង្គឧត្តម និងជាម្លប់ដ៏ត្រជាក់ដល់កូនចៅនាពេលកន្លងមក ក៏ដូចជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើម ដែលបានលះបង់ និងចូលរួមចំណែកយ៉ាងសកម្ម ជាមួយរដ្ឋាភិបាល ក្នុងបុព្វហេតុដើម្បីបម្រើជាតិ មាតុភូមិ និងប្រជាជន ប្រកបដោយស្មារតីទទួលខុសត្រូវ។

ស្ថិតក្នុងស្ថានភាពទុក្ខក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ នៃសព លោក ជាវ តាយ និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ លោក ជាវ តាយ បានទៅសោយសុខ ក្នុងសុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕